ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ បានមកដល់ប្រទេសកម្ពុជា ប្រកបដោយសុវត្ថិភាពខ្ពស់។

លោក វ៉ាង យី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចំនួន២ថ្ងៃ ចាប់ថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាង យី អញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានអាហារការងារពេលព្រឹកជាមួយ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។

ជាងនេះទៅទៀត លោក វ៉ាង យី អញ្ជើញមានជំនួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជកម្មនិងការវិនិយោគ ការអប់រំ សន្តិសុខនិងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម ផងដែរ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក វ៉ាង យី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងក្លាយជាទីតាំងសំខាន់សម្រាប់ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ហើយដែលក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (CAMSOC)  និង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធាន CAMSOC ក៏នឹងមានវត្តមានផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម វ៉ាង យី ក៏នឹងអញ្ជើញធ្វើជាសាក្សី និងអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏សំខាន់មួយចំនួនផងដែរ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កម្ពុជាលើកនេះ នឹងបន្តពង្រឹងបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ