ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំម្ចាស់រថយន្ដដឹកជញ្ជូនទាំងអស់ ដឹកឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ជៀសវាងដឹកលើសទម្ងន់ ហើយកុំប្រើយ័ន្ដបិទតាមកញ្ចក់រថយន្ដ ដែលជាឈ្មោះបុគ្គល ឬក្រុមហ៊ុនណាមួយនោះ ខ្លាំងពេក។

នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ដល់បាត់ដំបង និងបើកការដ្ឋានសាងសង់ពីសិរីសោភ័ណ ទៅប៉ោយប៉ែត នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា កាលពីប្រជុំរបស់រដ្ឋាភិបាល-វិស័យឯកជន សម្ដេច បានសម្រេចឲ្យលើកការអនុញ្ញាតទម្ងន់ នៃការដឹកជញ្ជូនពី ៤០ ទៅ ៤៥តោន ដើម្បីឲ្យក្រុមហ៊ុនដឹកជញ្ជូន អាចមានលទ្ធភាពដឹកបានលើសបន្តិច ដើម្បីកាត់បន្ថយចំណាយ ព្រោះគាត់អាចមួយជើងគាត់អាចសន្សំថែម ៥តោន។

សម្ដេចធិបតី បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវត្រួតពិនិត្យមើលឲ្យបានច្បាស់លាស់ អំពីការកំណត់ទម្ងន់នៃការដឹកជញ្ជូននេះ ដើម្បីថែរក្សាផ្លូវថ្នាល់ឲ្យប្រើប្រាស់បានយូរអង្វែង ដែលជាសមិទ្ធផលរួមទាំងអស់គ្នា។

សម្ដេចធិបតី មានប្រសាសន៍ថា «ប៉ុន្តែអ្វីដែលសំខាន់ គឺបងប្អូនប្រជាពលរដ្ឋរបស់យើង អ្នកដែលមានឡានដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូន កុំប្រើយ័ន្តខ្លាំងពេក យ័ន្ដបិទតាមកញ្ចក់នោះ ព្រោះយ័ន្ដហ្នឹងតែអនុវត្តតឹង ក៏អត់ជួយដែរយ័ន្ដហ្នឹង ឥឡូវត្រូវពិនិត្យរួមទាំងអស់គ្នា ព្រោះអញ្ចេះពេលដែលយើងហៅ ឡានដឹកជញ្ជូនមកគាត់ថា គាត់ក៏ចង់ដឹកត្រូវដែរ ប៉ុន្តែឲ្យគេដឹកត្រូវគ្នាដែរ ដូចគ្នាទាំងអស់ គោរពទាំងអស់គ្នា»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឲ្យម្ចាស់រថយន្ដដឹកជញ្ជូនទាំងអស់ ចូលរួមអនុវត្តទាំងអស់គ្នា ដោយដឹកឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ហើយមិនត្រូវដឹកលើសទម្ងន់នោះឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ