អនុរដ្ឋមន្រ្តីការបរទេសអាមេរិក៖ មូលដ្ឋានយោធាចិននៅកម្ពុជា អាចនឹងបំផ្លាញអធិបតេយ្យភាពរបស់កម្ពុជា
ភ្នំពេញ ៖ លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងរដ្ឋបាលលោកចូ បៃឌិន ប្រធានាធិបតីអាមេរិកថ្មីក្នុងការកាន់តំណែងជាង៤ខែមកនេះ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងបានសម្តែងក្តីបារម្ភរបស់ខ្លួនចំពោះវត្តមានមូលដ្ឋានយោធារបស់សាធារណរដ្ឋប្រជាមានិតចិនណាមួយនៅកម្ពុជា ។
ដោយលោកស្រីអះអាងថា អាចនឹងបំផ្លាញអធិបតេយ្យភាពរបស់កម្ពុជា ហើយក៏គំរាមកំហែងសន្តិសុខតំបន់ ជាពិសេសប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងរវាងអាមេរិក-កម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ។ លោកស្រីបានបំពេញទស្សនកិច្ចនៅកម្ពុជាត្រឹមរយៈពេលខ្លីពោលត្រឹមមួយថ្ងៃ នាថ្ងៃ១ មិថុនា ។
ប៉ុន្តែសម្តេច ទៀ បាញ់ បានថ្លែងថា កម្ពុជាគ្មានភ័យបារម្ភចំពោះចិនឈ្លបយកការណ៍សម្ងាត់នៅតំបន់នោះ ហើយក៏គ្មានខ្វល់ចំពោះការរិះគន់ពីភាគីណាមួយដែរ។
ក្នុងដំណើរទស្សនកិច្ចដ៏កម្រនៅកម្ពុជានេះ លោកស្រី បានជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួបលោក កឹម សុខា និងក្រុមអង្គការសង្គមស៊ីវិលផងដែរ។ មុនឈានចូលមកទស្សនកិច្ចនៅកម្ពុជា លោកស្រីបានទៅទស្សនកិច្ចនៅប្រទេសមួយចំនួន ក្នុងតំបន់អាស៊ានដោយចំណាយពេលជាង២០ថ្ងៃមកហើយ។ ចេញពីកម្ពុជាលោកស្រីបន្តទៅប្រទេសថៃទៀត ។
តាមការចេញផ្សាយរបស់ទូតអាមេរិកដដែល នាថ្ងៃ២ មិថុនាបានឲ្យដឹងថា “លោកស្រីអនុរដ្ឋមន្រ្តីការបរទេស Sherman បានសម្តែងកង្វល់ជាខ្លាំងលើវត្តមានយោធារបស់សាធារណរដ្ឋប្រជាមានិតចិន និងការកសាងទីតាំងនៅមូលដ្ឋានជើងទឹករាម ក្នុងឈូងសមុទ្រថៃ។ លោកស្រីបានសុំការបំភ្លឺលើការវាយ កំទេចអគារចំនួន២ដែលបានទទួល ជំនួយថវិកាពីសហរដ្ឋអាមេរិកនៅរាម ដោយគ្មានការជូនដំណឹង ឬការពន្យល់ជាមុន ហើយបានសង្កេតឃើញថា មូលដ្ឋានយោធារបស់សាធារណរដ្ឋប្រជាមានិតចិនណាមួយនៅកម្ពុជា អាចនឹងបំផ្លាញអធិបតេយ្យភាពរបស់កម្ពុជា គំរាមកំហែងសន្តិសុខតំបន់ និងប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា” ។
ជាមួយគ្នានេះ លោកស្រីអនុរដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យថ្នាក់ដឹកនាំកម្ពុជារក្សាគោលនយោបាយការបរទេស ដែលមានតុល្យភាព និងឯករាជ្យ ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជនកម្ពុជា។
ក្នុងបទសំភាសន៍ជាមួយវិទ្យុអាស៊ីសេរីចេញផ្សាយនាថ្ងៃ២ មិថុនា វិញសម្តេច ទៀ បាញ់ បានថ្លែងថា កម្ពុជាបាន អនុញ្ញាតឲ្យមិត្តចិនអភិវឌ្ឍន៍តំបន់កំពង់ផែកងទ័ពជើងទឹករាម ក្រោយវាយកម្ទេចចោលអគារជំនួយអាមេរិក កាលពីឆ្នាំមុនប្រាកដមែន ហើយ សម្ដេច គូសបញ្ជាក់ថា កម្ពុជាពុំព្រួយបារម្ភរឿងចិនអាចឈ្លបយកការណ៍សម្ងាត់ នៅតំបន់នោះ ឬការរិះគន់ណាមួយពីភាគីសហរដ្ឋអាមេរិកជុំវិញការអនុញ្ញាតឲ្យចិនអភិវឌ្ឍន៍កំពង់ផែ កងទ័ពជើងទឹករាមនេះឡើយ។ សម្តេចថា ក្រោយការសាងសង់ទីតាំងអាគារនៅតំបន់រាមហើយភាគី ចិនប្រគល់ឲ្យកម្ពុជាគ្រប់គ្រង។
សម្ដេច បញ្ជាក់ថា «មិនមានមូលហេតុចាំបាច់ឲ្យខ្ញុំនិយាយស្អី ពីព្រោះអ្នកផ្សេងគឺខំនិយាយទៅហួសឆ្ងាយពី ខ្ញុំឆ្ងាយណាស់ថា អាហ្នុងគឺបានប្រគល់ទៅឲ្យចិនប្រើប្រាស់ផ្តាច់មុខអីទាំងហ្នុង ទៅតាមការចោទប្រកាន់របស់គេអីនោះណា។ ដៃគូរបស់ខ្ញុំ គឺខ្ញុំធ្វើការ គឺវាជាង១០ឆ្នាំកន្លងមក ហើយដើម្បីពន្យល់គាត់ និងស្នើឲ្យគាត់ជួយរៀបចំអភិវឌ្ឍន៍តំបន់រាមហ្នុង។ ទើបតែថ្មីៗហ្នុងទេ គាត់បានឯកភាពថានឹងជួយរៀបចំរោងជាង ជួយរៀបចំផែ រៀបចំ ជូនកម្ពុជា។ ដៃគូហ្នុងគឺដៃគូចិនហ្នុងឯងបាទ!»៕