សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកសម្តីរិះគន់មិនយាងព្រះមហាក្សត្រ បើកប្រកួតស៊ីហ្គេម គឺជាចេតនាទុច្ចរិតបំបែកបំបាក់រវាង ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចាត់ទុកសម្តីជនថ្លែងរិះគន់មិនយាងព្រះមហាក្សត្រ បើកការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាចេតនាទុច្ចរិតបំបែកបំបាក់រវាង ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បានស្តេចយាងប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៧ នៃទិវាពលកម្អន្តរជាតិ ១ ឧសភា ,ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ នាថ្ងៃទី១ ឧសភា នេះ ។
សម្ដេចតេជោ គូសបញ្ជាក់ថា «ខ្ញុំ សូមបញ្ជាក់ទៅមនុស្សមួយចំនួនដែលកំពុងញុះញង់ បំបែកបាក់រវាងព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ មុនដំបូងឲ្យវាយាយឲ្យផុតសិន ហើយចាំប្រាប់វាថា របបប្រធានាធិបតី និងរបបសភា គឺមុខខុសរបៀបមិច?។ វា ថា អត់យាងព្រះមហាក្សត្រ ទៅបើកស៊ីហ្គេម ព្រះមហាក្សត្រ ព្រះអង្គប្រទៀនរួចហើយ»។
សម្ដេចតេជោ បន្ដថា ក្នុងប្រទេសអាស៊ាន មានតែប្រទេស ៣ប៉ុណ្ណោះ មានប្រមុខរដ្ឋប្រកាសបើកព្រឹត្តិការណ៍ស៊ីហ្គេម រួមមាន៖ ឥណ្ឌូនេស៊ី ហ្វីលីពីន និងព្រុយណេប៉ុណ្ណោះ។ ក្រៅពីនោះ នាយករដ្ឋមន្ដ្រី ចេញទៅប្រកាសបើកស៊ីហ្គេម ដូច្នេះ របបសភា គឺធ្វើបែបនេះឯង។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ៕