ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទសួរថា តើកីឡាប្រដាល់កម្ពុជាឈានទៅមុខម្តេចបាន បើសហព័ន្ធកីឡាប្រដាល់ ទុកឱកាសឱ្យអាជ្ញាកណ្តាលលេីកពេលការប្រកួត។ 

ថ្មីៗនេះមានការប្រកួតប្រដាល់គុណខ្មែររវាង កីឡាករ ម៉ឺន មេឃា និង ឃីម បូរ៉ា ដោយការប្រកួតខុសប្រក្រតី ដោយអាជ្ញាកណ្ដាលប្រកាសលេីកពេលប្រកួត។ 

តាមរយៈគេហទំព័រហ្វេសប៊ុកនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ដោយអត់ទ្រាំមិនបាន ខ្ញុំសូមចេញមកនិយាយ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលស្រឡាញ់វិស័យកីឡា»។

សម្ដេចតេជោ បន្ដថា តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ ឬត្រូវបង្កើតក្បាច់គុណថ្មី ដោយកំណត់លក្ខណ្ឌប្រកួតថ្មី ដោយវាយខុសក្បួនហើយមិនព្រមប្រកាសលទ្ធផល  និងលើកពេលទៅប្រកួតនៅពេលក្រោយ។

សម្ដេចតេជោ  មានប្រសាសន៍ថា  «តើឱ្យកីឡាប្រដាល់យើងឈានទៅមុខម្តេចបានបើសហព័ន្ធកីឡាប្រដាល់យើងទុកឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ? តើមានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយសម្រេចលើកពេលទៅប្រកួតពេលក្រោយសូម្បីតែបាល់ទាត់បើទាត់ខុសត្រូវពិន័យកាតលឿងឬកាតក្រហមដោយដេញចេញឬពិន័យបាល់១១ម៉ែត្រភ្លាមៗដោយមិនទុកពេលឱ្យតវ៉ានោះទេ»។

សម្ដេចតេជោបញ្ជាក់ថា សម្ដេច មិនបន្ទោសកីឡាករទេព្រោះពួកគាត់ស្តាប់តាមការកាត់ក្តីរបស់អាជ្ញាកណ្តាល។ សម្ដេចថា «អ្វីដែលខ្ញុំសុំ គឺអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួន»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ