ភ្នំពេញ ៖ លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា បានឱ្យដឹងថា បច្ចុប្បន្នបញ្ហាប្រឈម នៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គឺនៅតែមានបញ្ហាចំពោះប្រជាពលរដ្ឋធ្វើចំណាក់ស្រុក ទាំងក្នុងប្រទេស និងក្រៅប្រទេស។

ក្នុងកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ និងវឌ្ឍនភាពនៃការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ម៉ៅ ច័ន្ទតារា បានស្នើដល់អង្គប្រជុំឱ្យចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍ និងទិសដៅបន្ត ដើម្បីឱ្យដំណើរការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ឱ្យទទួលបានសមិទ្ធផលជាអតិបរិមាកាន់តែប្រសើរថែមទៀត។

លោក ក៏បានណែនាំដល់ក្រុមការងារឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត និងខិតខំប្រឹងប្រែងជំរុញការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាឱ្យអស់លទ្ធភាពតាមដែលអាចធ្វើបាន។ លោក បានគូសបញ្ជាក់ថា «បច្ចុប្បន្នបញ្ហាប្រឈមនៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គឺនៅតែមានបញ្ហាចំពោះប្រជាពលរដ្ឋធ្វើចំណាក់ស្រុក ទាំងក្នុងប្រទេស និងក្រៅប្រទេស»។ 

លើសពីនេះ លោករដ្ឋលេខាធិការ បានណែនាំដល់ក្រុមការងារជំនាញ និងមន្ត្រីពាក់ព័ន្ធឱ្យសិក្សាលើបច្ចេកទេសថ្មីបន្ថែមទៀត ដើម្បីជាទិសដៅបន្ត ដែលអាចឱ្យការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតានេះ មានលទ្ធភាពផ្តល់ជូនប្រជាពលរដ្ឋបាននៅទូទាំងប្រទេស គឺសម្រាប់បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលធ្វើចំណាក់ស្រុក ដោយឯកឧត្តម បានបញ្ជាក់បន្ថែមថា គឺផ្តល់តែសម្រាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាប៉ុណ្ណោះ (អស់សុពលភាព តែស្ថិតនៅក្នុងទិន្នន័យចាស់) ដោយឡែកសម្រាប់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ត្រូវតែធ្វើនៅតាមមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋដដែល កឺដើម្បីជៀសវាងស្ទួនទិន្នន័យ ឬពិបាកក្នុងការគ្រប់គ្រងរបស់មូលដ្ឋាននីមួយៗ។ 

លោក បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធនឹងការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតានេះ ទាមទារឱ្យអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ត្រូវតែចូលរួមខិតខំជំរុញ និងអនុវត្តឱ្យអស់ពីសមត្ថភាពរៀងៗខ្លួន។

សូមរំលឹកថា ការផ្តល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើង គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានចំនួនសរុប ១២.៦៣៤.៣១៦ នាក់ (ដប់ពីរលានប្រាំមួយសែនបីម៉ឺនបួនពាន់បីរយដប់ប្រាំមួយ), ការផ្តល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ចាប់ពីខែមីនា រហូតដល់ត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានចំនួន ៦២៦.៥០២នាក់ (ប្រាំមួយសែនពីរម៉ឺនប្រាំមួយពាន់ប្រាំរយពីរ) ស្នើនឹង(៣៦)% នៃនិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលត្រូវអស់សុពលភាពក្នុងឆ្នាំ២០២២ រហូតដល់ត្រឹមថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ មានចំនួនសរុប ១.៧២៧.០៩៤ នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ