ភ្នំពេញ  ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀត ដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ថវិកា៣លានដុល្លាររបស់រាជរដ្ឋាភិបាល និង១០លានដុល្លាររបស់ក្រុមហ៊ុនឯកជន។

ការប្រកាសផ្តល់ជំនួយជាថវិកា និងវ៉ាក់សាំងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវនៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

យោងតាមលោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ថវិកាដែលសម្តេចតេជោ ប្រកាសជួយដល់ប្រទេសឡាវនេះ ៣លានដុល្លារជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង ១០លានដុល្លារទៀត គឺជាថវិការបស់សប្បុរសជនកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាការងារនេះ លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ បានអបអរសាទរកម្ពុជា ដែលទទួលបានជោគជ័យលើការគ្រប់វិស័យ មានដូចជាការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ២០២២ខាងមុខ។ ពាក់ព័ន្ធការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននេះ លោកនាយករដ្ឋមន្ត្រីឡាវ បានសន្យាសហការជាមួយកម្ពុជា ជួយកម្ពុជាឱ្យទទួលបានជោគជ័យលើការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ