នាយករដ្ឋមន្ដ្រីកម្ពុជា អនុម័តឲ្យចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសទី៣ ចំពោះ កុមារ និងយុវវ័យ ចាប់ពីអាយុ១២-១៨ឆ្នាំ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុម័តឲ្យចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសទី៣ សម្រាប់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ទៅអាយុ១៨ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០២២ តទៅ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះបណ្ដាប្រទេសជាមិត្តដែលបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ មកដល់ប្រទេសកម្ពុជា។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំទើបនឹងអនុម័តពីម្សិលមិញ ឲ្យចាក់វ៉ាក់សាំងដូសទី៣ សម្រាប់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ទៅអាយុ១៨ឆ្នាំ ចាប់ពីខែមករា នេះតទៅ ចាប់ផ្ដើមចាក់ ហើយអនុវត្តតាមវិធីសាស្ដ្រផ្ដារីករាយ ដូចមនុស្សចាស់»។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១៤,២១២,១៩៨នាក់៕EB