ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានប្រកាសពង្រឹងវិធានការទប់ស្កាត់ករណីពពោះជំនួសក្នុងចំណោមយុវតី និងស្ត្រី ដើម្បីឆ្លើយតបធានាសុវត្ថិភាពយ៉ាងណាកុំឱ្យកុមារនិងទារកមានការរងផលប៉ះពាល់ក្នុងបទឧក្រិដ្ឋកម្មនានា។ 

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា ក្រសួងមហាផ្ទៃ កំពុងឃ្លាំ មើលការវិវត្តន៍បញ្ហាប្រឈមនៃការពពោះជំនួសនៅក្នុងប្រទេសកម្ពុជាដែលជាក្តីកង្វល់ដ៏ធំនៅក្នុងសង្គម។  

ការលើករបស់មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានធ្វើឡើងខណៈដែលអាជីវកម្មពពោះជំនួសអាចនាំឱ្យមានការកើនឡើងយ៉ាងគំហុកនូវចំនួនភ្នាក់ងារយកកម្រៃជើងសារលើសេវាពពោះជំនួសដែលធ្វើប្រតិបត្តិការនៅកម្ពុជា និងប្ដីប្រពន្ធបរទេសដែលធ្វើដំណើរមកកម្ពុជាដើម្បីប្រើសេវារបស់ពួកគេ។ 

លោកស្រី បានបន្តថា ការពពោះជំនួស ដែលមានផលប៉ះពាល់មកលើកម្ពុជា និងមនុស្សគ្រប់រូបដោយមិនប្រាកដយកទារកទៅចិញ្ចឹមក្នុងផ្លូវល្អទាំងអស់នោះទេ ក្នុងករណីខ្លះយកកុមារទៅធ្វើការផ្លាស់ប្តូរ អវយវៈរបស់កូនក្មេងក្នុងការចាំបាច់របស់ពួកគេ ការជួញដូរមនុស្ស នេះដែលជាកង្វល់របស់រាជរដ្ឋាភិបាលដែលត្រូវចាត់វិធានការទប់ស្កាត់ឱ្យមាន ប្រសិទ្ធភាពជាទីបំផុត ។ 

លោកស្រី រដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងសុខាភិបាល ក៏បានហាមការរៀបចំឲ្យមានការពពោះជំនួស នៅក្នុងប្រទេសកម្ពុជាដោយបញ្ឈប់សកម្មភាពលើអ្វីដែល ទំនងជាឧស្សាហកម្មដែលរីកដុះដាលយ៉ាងឆាប់រហ័ស។ហើយចំណាត់ការទាំងអស់នេះក៏ចាត់់ទុកជាប្រតិបត្តិការខុសច្បាប់ផងដែរ។  

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រជាតិរយៈពេល ៥ ឆ្នាំ គិតពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២៣ ដើម្បីកាត់បន្ថយទម្រង់ថ្មីៗនៃការជួញដូរមនុស្សដូចជា អំពើជួញដូរផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត និងអំពើពពោះជំនួស រួមទាំងកាត់ បន្ថយទម្រង់នៃការកើនឡើងផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ