ភ្នំពេញ ៖ ឆ្នាំ២០២២កន្លងទៅ ក្រសួងមហាផ្ទៃ បានបណ្តេញមន្រ្តីនគរបាលជាតិចេញពីក្របខ័ណ្ឌចំនួន១១៧រូប។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បង្ហាញនៅក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍ដដែល បញ្ជាឱ្យដឹងថា នៅឆ្នាំ២០២២កន្លងទៅ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ បានសម្រេចដកហូតមុខតំណែង ដក និងបន្ថយឋានន្តរស័ក្តិមន្រ្តីនគរបាលជាតិចំនួន៨៩រូប ផ្ទេរភារកិច្ចដោយអនុវត្តវិន័យ៥រូប និងផ្អាកការងារបណ្តោះអាសន្នចំនួន៦រូប។
ពាក់ព័ន្ធនឹងការងារគ្រប់គ្រងកងកម្លាំងនគរបាលជាតិនេះដែរ នៅឆ្នាំ២០២២ ក្រសួងបានបញ្ចូលក្របខ័ណ្ឌថ្មីចំនួន ២.៦៤៦រូប ស្រី៦២៦រូប ក្នុងនោះបានជ្រើសរើសថ្មី២.៥៤៤រូប ស្រី៦២១រូប ផ្ទេរពីក្រសួងស្ថាប័នក្រៅ១០២រូប ស្រី៥រូប។ ក្នុងឆ្នាំកន្លងទៅនោះដែរ ក្រសួងក៏បានដាក់ឱ្យចូលនិវត្តន៍១.៧០៤រូប តែងតាំងមុខតំណែង និងសម្រួលភារកិច្ច៦.៣៣៤រូប ដំឡើងឋានន្តរស័ក្តិ១១.៧៤២រូប។ ចំនួនមន្រ្តីនគរបាលជាតិ បើប្រៀបធៀបនឹង ឆ្នាំ២០២១ បានកើន១.៥១៨រូប ស្រី៥៥៧រូប៕EB