ក្រសួងមហាផ្ទៃ ក្រើនរំលឹកឱ្យមានការប្រុងប្រយ័ត្នចំពោះហានិភ័យលើកុមារ និងយុវវ័យ តាមរយៈប្រព័ន្ធអ៊ីនធឺណិត
ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរំលឹកឱ្យមានការប្រុងប្រយ័ត្នចំពោះហានិភ័យលើកុមា និងយុវវ័យ តាមរយៈប្រព័ន្ធអ៊ីនធឺណិត ជាពិសេសគឺតាមបណ្តាញសង្គមហ្វេសប៊ុកតែម្តង ។
ក្នុងយុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិត «តោះ! នាំគ្នានិយាយអំពីការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាពសម្រាប់កុមារ» ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ នេះ លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ប្រព័ន្ធបច្ចេកវិទ្យានៅប្រទេសកម្ពុជា បាននឹងកំពុងរីកចម្រើនឥតឈប់ឈរ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើន ក្នុងការជំរុញ និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ជនខិលខូច ក៏បានឆ្លៀតឱកាសយកប្រព័ន្ធអ៊ីនធឺណិតនេះសម្រាប់បោកប្រាស់ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនផងដែរ។
លោកស្រី បានរំលឹកឱ្យកុមារា កុមារី ត្រូវប្រុងប្រយ័ត្នចំពោះប្រព័ន្ធអ៊ីនធឺណិតនេះ កុំលង់លក់នឹងការឆាតលួងលោមតាមហ្វេសប៊ុក ឬតាមបណ្តាញផ្សេងៗរបស់បុគ្គលមួយចំនួន។ ករណីខ្លះ គឺជាការឆបោក និងបញ្ឆោតឲ្យប្រព្រឹត្តនូវបទល្មើសផ្សេងៗ ដែលសង្គមស្អប់ខ្ពើម ។
លោកស្រី ក៏បានលើកឡើងផងដែរថា នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជា ត្រូវបានជនខិលខូចយក ធ្វើជាជម្រក សម្រាប់ធ្វើការជួញដូរមនុស្ស និងឆបោកមនុស្សតាមប្រព័ន្ធអ៊ីនធឺណិតនេះ ប៉ុន្តែជនរងគ្រោះ គឺមិនមែនជាខ្មែរនោះទេ គឺសុទ្ធតែជនបរទេស ដែលត្រូវបានជនបរទេសដូចគ្នាធ្វើការបោកបញ្ឆោត។
លោក សំលៀង សីលា នាយកប្រតិបត្តិ នៃអង្គការសម្មភាពដើម្បីកុមារ (APLE) បានលើកឡើង ថា នាពេលបច្ចុប្បន្ន ពិភពលោក មានកុមារជាច្រើន កំពុងត្រូវបានរងគ្រោះ តាមរយៈប្រព័ន្ធអ៊ីនធឺណិត។ នៅក្នុងចន្លោះឆ្នាំ២០១៧និងឆ្នាំ២០១៩ រូបភាពអាសអាភាសកុមារលើអ៊ីនធឺណិត ត្រូវបានកើនឡើងទ្វេដង ហើយបន្តកើនឡើងយ៉ាងគំហុកនៅពេលពិភពលោក មានការរីករាលដាលជំងឺកូវីដ-១៩៕EB