ស្នងការនគរបាលរាជធានីភ្នំពេញ ជំរុញឲ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវចូលរួមហ្វឹកហាត់ក្បាច់គុណតៃខ្វាន់ដូ ដើម្បីការពារខ្លួននៅពេលចុះបង្ក្រាបបទល្មើសនានា
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញត្រួតពិនិត្យកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ និងបានណែនាំដល់កងកម្លាំងទាំងអស់ត្រូវតែគោរពវិន័យ និងបទបញ្ជាឲ្យបានល្អ ជាពិសេសត្រូវស្លៀកពាក់ឲ្យបានសមរម្យ កាត់សក់ខ្លីជានិច្ច។
ម្យ៉ាងវិញទៀតដើម្បីបង្កការងាយស្រួលក្នុងការចុះអន្តរាគមន៍ករណីល្មើសផ្សេងៗ លោក ស ថេត ណែនាំកម្លាំងទាំងអស់ត្រូវចូលរួមហ្វឹកហាត់ក្បាច់គុណតៃខ្វាន់ដូ ក្នុងគោលបំណងដើម្បីថែរក្សាសុខភាព និងការពារខ្លួននៅពេលចុះបង្ក្រាបបទល្មើសនានា។
គួរបញ្ជាក់ថា ដោយមានការណែនាំពីអគ្គស្នងការនគរបាលជាតិ កងកម្លាំងត្រូវទាំងអស់ត្រូវបានណែនាំឲ្យហ្វឹកហាត់ក្បាច់គុណ ដើម្បីឲ្យកងកម្លាំងមានសមត្ថភាពគ្រប់គ្រាន់ការពារខ្លួន និងចំណេះដឹងថែមទៀត។ ក្នុងនោះ ដោយមានការគិតគូរយកចិត្តទុកដាក់ទាំងស្មារតី សម្ភារៈ ដើម្បីការពង្រឹងសមត្ថភាពរបស់កងកម្លាំងនគរបាលជាតិ ឲ្យមានចំណេះដឹង និងជំនាញច្បាស់លាស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាជាតិ កាលពីពេលកន្លងទៅ បានបង្កើតឲ្យមានក្លឹបការ៉ាតេដូរាជសីហ៍ ដើម្បីសុខភាពផង ការពារខ្លួនផង និងបង្កើនសមត្ថភាពក្នុងកិច្ចប្រតិបត្តការផង៕EB