ណៃពិដោ ៖ ប្រធានរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានស្នើសុំដីកាចាប់ខ្លួនមេដឹកនាំយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ មីន អោងឡាំង ទាក់ទិនការចោទប្រកាន់ថា បានធ្វើទុក្ខបុកម្នេញលើជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី២៩ វិច្ឆិកា ២០២៤។

ប្រជាជនរ៉ូហ៊ីងយ៉ាជាង ៧០០,០០០នាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនពីភាគខាងលិចមីយ៉ាន់ម៉ាទៅកាន់ប្រទេសបង់ក្លាដែសដែលនៅជិតខាងក្នុងឆ្នាំ ២០១៦ និង ២០១៧ ដោយសារតែការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធរ៉ូហ៊ីងយ៉ា និងកងកម្លាំងសន្តិសុខ។

ការិយាល័យ ព្រះរាជអាជ្ញា របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បចបច្ចុប្បន្នកំពុងស៊ើបអង្កេតស្វែងរកមូលហេតុ នៃការរត់ភៀសខ្លួនចាកចោលផ្ទះសម្បែងរបស់ពួកគេ។

នៅក្នុងការស្វែងរកដីកាចាប់ខ្លួននេះ លោក Khan បាននិយាយថា លោក មីន អោងឡាំង នឹងប្រឈមមុខផ្នែកព្រហ្មទណ្ឌ ចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជុំវិញការនិរទេស និងការធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ា ប្រហែលជា ៤ខែ ចាប់តាំងពីឆ្នាំ ២០១៦ ដល់ខែធ្នូ ឆ្នាំ ២០១៧។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា នេះជាការស្នើសុំដីកាចាប់ខ្លួនលើកដំបូងប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ា ជុំវិញការគៀបសង្កត់លើពលរដ្ឋជនជាតិដើមភាគតិច។ លោក Khan បាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ា ក៏ដូចជាប្រជាជនដទៃទៀតនៅជុំវិញពិភពលោកដែរ គឺមានសិទ្ធិទទួលបានការការពារពីច្បាប់។

ចំណែកតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នឹងធ្វើការសម្រេចចិត្តថាតើត្រូវចេញដីកាចាប់ខ្លួនមេដឹកនាំយោធាមីយ៉ាន់ម៉ាដែរឬអត់ បន្ទាប់ពីពិនិត្យភស្តុតាងដែលបានបង្ហាញដោយព្រះរាជអាជ្ញា។

ទោះបីជាយ៉ាងណា របបដឹកនាំយោធាមីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបភ្លាមៗ ដោយបាននិយាយថា មីយ៉ាន់ម៉ាមិនមែនជាប្រទេសសមាជិកតុលាការឧក្រិដ្ឋកម្មអន្តរជាតិទេ ហើយក៏មិនទទួលស្គាល់សេចក្តីថ្លែងការណ៍របស់ ICC ផងដែរ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ