ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវធ្វើការរួមគ្នាជាពហុវិស័យ សហការជិតស្និទ្ធជាមួយ កាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល អង្គការ សង្គមស៊ីវិល វិស័យឯកជន ដើម្បីលុបបំបាត់ការចម្លងមេរោគអេដស៍ និងយកជ័យជម្នះលើមេរោគអេដស៍ផងដែរ។

សារលិខិត ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ដើម្បីសម្រេចបាននូវការបញ្ចប់អេដស៍ ដែលកំពុងបន្តការគំរាមកំហែងដល់សុខភាពសាធារណៈ សម្ដេច បានលើកឡើងនូវចំណុចមួយចំនួន ដូចជា ៖

ទី១- អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ត្រូវបន្តដឹកនាំសម្របសម្រួល និងអនុវត្តគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ក្នុងស្មារតី បុរេសកម្ម និងទទួលខុសត្រូវខ្ពស់។

ទី២- គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគណៈកម្មាធិការ ប្រយុទ្ធនឹងជំងឺអេដស៍ឃុំ សង្កាត់ ត្រូវចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និង ចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ឱ្យបានសកម្មជាទីបំផុត។

ទី៣- ក្រសួងសុខាភិបាលត្រូវពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ ក្នុងនោះរួមមានការជំរុញការប្រើប្រាស់ ស្រោមអនាម័យ កម្មវិធីប្រើឱសថបង្ការមុនការប្រឈម (PrEP) និងកម្មវិធីប្រើឱសថបង្ការក្រោយ ការប្រឈម (PEP) ជាដើម។

ទី៤- ក្រសួងសុខាភិបាលត្រូវខិតខំបញ្ចូលសេវាថែទាំព្យាបាលអ្នកផ្ទុកមេរោគអេដស៍ក្នុងប្រព័ន្ធសុខាភិបាល ដោយបង្កើនទីតាំងធ្វើតេស្ត និងទីតាំងផ្តល់សេវាថែទាំព្យាបាលជំងឺអេដស៍ឱ្យបានទូលំទូលាយ និងយ៉ាងឆាប់រហ័ស។

ទី៥- ក្រសួងសុខាភិបាលត្រូវពង្រីក ពង្រឹង និងពន្លឿនកម្មវិធីថែទាំ និងព្យាបាលឱ្យសម្រេចបាននូវស្ថានភាពរក មេរោគមិនឃើញ (Undelectable) ចំពោះអ្នកផ្ទុកមេរោគអេដស៍ ដើម្បីកាត់បន្ថយការចម្លងមេរោគអេដស៍។

ទី៦- ក្រសួងសុខាភិបាលត្រូវសិក្សា និងចាត់វិធានការ ដើម្បីកាត់បន្ថយអត្រាចម្លងមេរោគអេដស៍ពីម្តាយទៅកូន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះ សម្ដេចធិបតី បានអំពាវនាវដល់អង្គការដៃគូជាតិ និងអន្តរជាតិ សូមជួយគាំទ្រ ការពង្រឹងប្រព័ន្ធជាតិ តាមរយៈការបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការងារឆ្លើយតបមេរោគអេដស៍ និង ជំងឺអេដស៍ក្នុងប្រទេស ក្រោមការដឹកនាំសម្របសម្រួលរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ខ្ញុំក៏សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវធ្វើការរួមគ្នាជាពហុវិស័យ សហការជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល អង្គការ សង្គមស៊ីវិល វិស័យឯកជន ក្រុមអ្នកផ្ទុកមេរោគអេដស៍ ក្រុមប្រជាជនគន្លឹះ និងសហគមន៍ ដើម្បីលុបបំបាត់ការចម្លង មេរោគអេដស៍ និងយកជ័យជម្នះលើមេរោគអេដស៍ និងជំងឺអេដស៍»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ