មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក លោក Elon Musk ហៅអ្នកផលិតយន្តហោះចម្បាំង F-35 ជាមនុស្សល្ងីល្ងើ
វ៉ាស៊ីនតោន ៖ មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក លោក Elon Musk ដែលជាទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បាននិយាយថ្មីៗនេះថា យន្តហោះចម្បាំង F-35 គឺជាការរចនាដ៏អាក្រក់ ហើយលោកបានរិះគន់មនុស្សល្ងីល្ងើមួយចំនួន ដែលនៅតែបង្កើតយន្តហោះចម្បាំងនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Forbes នៅថ្ងៃទី២៩ វិច្ឆិកា ២០២៤។
ស្ថាបនិក SpaceX និង Tesla រូបនេះ បានសរសេរសារនៅលើបណ្តាញសង្គម X ថា យន្តហោះគ្មានមនុស្សបើក (UAVs) ឬហៅកាត់ថា ដ្រូន នឹងជំនួសយន្តហោះចម្បាំងមានមនុស្សបើក នៅក្នុងជម្លោះប្រដាប់អាវុធនាពេលនាគត។
លោក Musk បានបញ្ជាក់យ៉ាងដូច្នេះថា សង្រ្គាមនាពេលអនាគត គឺសុទ្ធតែនិយាយអំពីយន្តហោះដ្រូន និងមីស៊ីលលឿនជាងសំឡេង ដូច្នេះយន្តហោះចម្បាំងដែលបើកដោយមនុស្ស នឹងត្រូវបំផ្លាញយ៉ាងឆាប់រហ័ស។
លោក Musk ថែមទាំងបានរិះគន់យន្តហោះចម្បាំង F-35 ជំនាន់ទី៥ ដោយនិយាយថា ពួកវាមានតម្លៃថ្លៃពេក និងហួសសម័យ ដោយសារការលេចឡើងបច្ចេកវិទ្យាគ្មានមនុស្សបើក។
ការរិះគន់បែបនេះរបស់លោក Musk ដែលនឹងគ្រប់គ្រងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលឆ្នាំក្រោយ ត្រូវបានគេមើលឃើញថា ទំនងជាមានគោលបំណងសន្សំលុយរដ្ឋ ២ពាន់ពាន់លានដុល្លារ ពីការចំណាយលើកម្មវិធីផលិតយន្តហោះចម្បាំង F-35 និងជាសញ្ញាបង្កការព្រួយបារម្ភដល់ក្រុមអ្នកម៉ៅការ។
យ៉ាងណាមិញ ការរិះគន់របស់លោក Musk នេះទៀត បានធ្វើឱ្យភាគហ៊ុនរបស់ Lockheed Martin ដែលជាក្រុមហ៊ុនផលិតយន្តហោះចម្បាំង F-35 ធ្លាក់ចុះជាង ៣ភាគរយភ្លាមៗ៕