ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងការហួសចិត្តនៅពេលឃើញមានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកមួយ ពាក់ព័ន្ធនឹងការទិះតៀនសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល។

ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និង ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «យប់មិញហ្នឹង គឺហួសចិត្តមួយត្រង់ថា ស្រាប់តែឃើញដូចជា អគ្គេលខាធិការគណៈសង្ឃនាយក? ចេញសេចក្ដីប្រកាសមួយទៅទិះតៀនអីណា សម្ដេច សៅរ៍ ចន្ទថុល្ល ឱព្រះហើយព្រះ ព្រះអង្គអើយព្រះអង្គ សុទ្ធតែសម្ដេចហើយ សម្ដេច ព្រះអង្គ អាចហៅគ្នាមកនិយាយបានទេ?»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា បញ្ហានេះ មានតែសម្ដេច ចេញមុខទៅដោះស្រាយទៀតហើយ។ ក្នុងនោះ សម្ដេច ក៏បានអង្វរករឲ្យបញ្ឈប់ការទិះតៀនគ្នា នៅលើបណ្ដាញសង្គមហ្វេសប៊ុក តទៅទៀត។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ហើយអ្នកណា ទៅនិយាយជាមួយលោកកើត វាមានតែខ្ញុំទៅទៀត អញ្ចឹងខ្ញុំព្រះករុណាខ្ញុំ សុំអង្វរករពីចម្ងាយចំពោះសម្ដេចព្រះសង្ឃរាជ ព្រះរាជាគណៈ សម្ដេចព្រះសង្ឃនាយក នាយករង មេត្តាអធ្យាស្រ័យ ហើយនិយាយគ្នាទៅ ចាំបាច់អីចេញសេចក្ដីប្រកាសព័ត៌មានតាមហ្វេសប៊ុក»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ