សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា លែងអនុញ្ញាតចំពោះសំណើអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ទៀតហើយ
កោះកុង ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា លែងអនុញ្ញាតចំពោះសំណើអភិវឌ្ឍ រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម និងពិនិត្យលទ្ធភាពដាក់ឲ្យរោងចក្រផលិតដុតធ្យូងថ្ម ដែលមានស្រាប់ បញ្ឈប់ដំណើរការមុនកំណត់នៅកម្ពុជា។
ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ នៅស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពី ១ខែមុននេះ សម្ដេច បានប្រគល់ភារកិច្ចឲ្យក្រសួងរ៉ែ និងថាមពល ដឹកនាំសម្របសម្រួលការងារអន្តរកាលវិស័យថាមពល មួយចំនួន។ ទីមួយជំរុញការអនុវត្តការងរប្រសិទ្ធភាពថាមពល ស្របតាមគោលនយោបាយជាតិ ស្ដីពី ប្រសិទ្ធភាពថាមពលឆ្នាំ ២០២២-២០៣០ ដែលរាជរដ្ឋាភិបាលបានអនុវត្ត និងស្របទៅតាមផែនការសកម្មភាព ដែលបានគ្រោងទុក។
ទីពីរបញ្ឈប់ការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម និងពិនិត្យលទ្ធភាពដាក់ឲ្យរោងចក្រផលិតដុតធ្យូងថ្ម ដែលមានស្រាប់បញ្ឈប់ដំណើរការមុនកំណត់នៅកម្ពុជា ដែលជាគោលដៅធំមួយ។ «ចឹងរាល់សំណើផ្សេងៗ ដែលសុំ សុំប្រកាសឲ្យហើយ ប្រសិនបើអ្នកណាមកចង់ធ្វើការវិនិយោគ ធ្វើរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មនៅកម្ពុជា កុំមកនាំតែខាតលុយជិះយន្ដហោះមកទេ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបញ្ឈប់មិនឲ្យមានការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម មួយចំនួនរួចមកហើយ៕