រដ្ឋមន្ដ្រីក្រសួងកសិកម្ម សង្ឃឹមថា កសិផលកម្ពុជា នឹងមានឱកាសបង្ហាញខ្លួនលើទីផ្សារអន្តរជាតិកាន់តែច្រើន ជាពិសេសទីផ្សារចិន
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្ឃឹមថា កសិផលកម្ពុជា នឹងមានឱកាសបង្ហាញខ្លួនលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងប្រកួតប្រជែង។
ក្នុងជំនួបពិភាក្សាការងារជាមួយ ក្រុមហ៊ុន ហ័រឡុងតូជឺជីទួន (ខេមបូឌា) នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក វេង សាខុន បានគាំទ្រចំពោះកម្មវត្ថុវិនិយោគលើវិស័យកសិកម្ម ស្របពេលដែលវិស័យមួយនេះបាននិងកំពុងត្រូវការអភិវឌ្ឍលើអនុវិស័យសំខាន់ៗ មួយចំនួនដូចជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការងារស្រាវជ្រាវ និងការកែច្នៃកសិផល។ ឆ្លើយ តបតាមតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ លើសពីនេះវិស័យកែច្នៃកសិផលនឹងត្រូវ បានលើកកម្ពស់ មានតម្លៃផ្នែកសេដ្ឋកិច្ច ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាពិសេសស្រូបយកពលកម្មក្នុងស្រុក និងបង្កើនប្រាក់ចំណូល។
លោក បានបញ្ជាក់ថា «សូមអំពាវនាវឲ្យវិស័យឯកជនចិនចូលរួមវិនិយោគឲ្យបានពេញលេញលើគ្រប់ខ្សែច្រវាក់ផលិតកម្ម កែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ធ្វើយ៉ាងណាច្បាមយកកាលានុវត្តភាព ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្មកសិកម្ម ហើយសង្ឃឹមថាកសិផលកម្ពុជា នឹងមាន ឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរ លើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង»។
នាឱកាសនេះ លោកនាយកក្រុមហ៊ុន បានលើកឡើងថា កសិកម្មកម្ពុជាមានសក្តានុពល ប៉ុន្តែ បញ្ហានៅត្រង់ថា មិនទាន់បានប្រើបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាពផលិតកម្ម ការងារស្រាវជ្រាវ និងកែច្នៃ ហេតុដូច្នេះហើយក្រុមហ៊ុនបានអញ្ជើញវិទ្យាស្ថានសំខាន់ៗចំនួនបីមកធ្វើការសិក្សាស្រាវជ្រាវទាក់ទងដំណាំឈើហូបផ្លែតំបន់ត្រូពិច វិទ្យាស្ថានទាំងបីនោះគឺ៖ ១- វិទ្យាស្ថានស្រាវជ្រាវដំណាំអនុតំបន់ត្រូពិចខាងត្បូង ២- វិទ្យាស្ថានស្រាវជ្រាវ និងកែច្នៃផលិតផលកសិកម្ម និងទី៣- Chinese Academy of Tropical Agricultural Science។
ករណីនេះ លោកនាយកក្រុមហ៊ុន បានស្នើក្រសួងជួយពិនិត្យពិចារណាទីតាំងដីសម្រាប់ធ្វើការរៀបចំសាងសង់វិទ្យាស្ថាន ។ លោកបញ្ជាក់បន្ថែមថា ក្រោយពេលស្ថានភាពជំងឺឆ្លងកូវីដ-១៩ បានល្អប្រសើរ ដំណើរការសកម្មភាពវិនិយោគនឹងចាប់ផ្តើមជាជំហានៗតាមផែនការដែលបានគ្រោងទុក៕