ភ្នំពេញ ៖ សិស្សានុសិស្ស ថ្នាក់ទី១២ មួយចំនួន បានចូលខំមិនក្នុងគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ សុំជាប់ដោយស្វ័យប្រវត្តិ ព្រោះ រៀនតាមអនឡាញ មិនបានពេញលេញ។

ក្នុងនោះ ក៏មានហ្វេសប៊ុកមួយចំនួន ចូលខំមិនដែលថា «ប្អូនៗត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ទោះបី បិទសាលារៀនដោយសារកូវីដ-១៩ ក៏ដោយ ព្រោះថា ការប្រលងជាប់ដោយសមត្ថភាពខ្លួនឯង ទើបជាការល្អវិញ»។

យោងតាមហ្វេសប៊ុកឈ្មោះ ផែន សុភត្ត្រា បានចូលខំមិនថា «សូមធ្វើការស្នើសុំលោកតា ក្នុងការពិចារណាសម្រេចឲ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២០- ២០២១ ជាប់ដោយស្វ័យប្រវត្តិ ហើយចៅៗគាំទ្រឲ្យមានការប្រឡងចូលសាកលវិទ្យាល័យទៅតាមមុខជំនាញសក្សាជំនួសវិញ ដូច្នេះចៅៗ នឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការផ្តោតទៅលើមុខវិជ្ជាដែលចាំបាច់សម្រាប់ការសិក្សារបស់ចៅៗនៅមហាវិទ្យាល័យ»។

ដោយឡែក ហ្វេសប៊ុក មួយទៀត ឈ្មោះ Pu Long បានចូលខំមិនថា «ខ្ញុំបាទសូមគោរព សម្តេចពុក សុំមេត្តាជួយដល់កូនៗ ចៅៗទី១២ឆ្នាំនេះ ផងដោយក្តីអនុគ្រោះ អស់រយៈពេលជិតពីរឆ្នាំហើយដែលកូនមិនបានរៀនពេញលេញ រៀនតាមអនឡាញមិនងាយស្រួលដូចរៀនផ្ទាល់ទេ ។ សូមសម្តេចពុកជួយកូនៗមួយឆ្នាំនឹងទៀតផង លោកពុក»។ សូមជម្រាបបន្ថែមថា ក្រៅពីគណនីហ្វេសប៊ុកទាំងពីរ ខាងលើនេះ ក៏មានគណនីហ្វេសប៊ុកជាច្រើនទៀត ចូលខំមិនក្នុងគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ឲ្យជាប់ដោយស្វ័យប្រវត្តិ ផងដែរ។


យ៉ាងណាក៏មានហ្វេសប៊ុកឈ្មោះ Leap Chan Vuthy បានខំមិនឆ្លើយតបវិញថា «បើសិន សម្តេចតេជោ សម្រេចឲ្យជាប់ដោយស្វ័យប្រវត្តិមួយឆ្នាំទៀត គុណភាពអប់រំនៅកម្ពុជា នឹងមានការថយចុះ បើសិនប្រៀបធៀបជាមួយប្រទេសជិតខាងយើង នៅទាបជាងគេណាស់»។ 

ហ្វេសប៊ុក ដដែល បានបន្ដថា ដូច្នេះជំនួសឲ្យការជាប់ដោយស្វ័យប្រវត្តិ យើងអាចជំនួសដោយការប្រឡង Online រឺ ឲ្យគ្រូដាក់ជាកិច្ចការណាមួយឲ្យសិស្សស្រាវជ្រាវ និងចងក្រងកិច្ចការនោះ ក្នុងរយៈពេលមួយខែចុងក្រោយនេះ ហើយវាយតម្លៃទៅលើកិច្ចការនោះវាប្រសើរជាង។

សូមជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី៦ ខែធ្នូ នៅតាមសាលារដ្ឋនានា សម្រាប់ឆ្នាំសិក្សា ២០២០-២០២១។

សូមរំលឹកថា ឆ្នាំសិក្សា២០១៩-២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា  បានប្រកាសអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២  ជាប់ស្វ័យប្រវត្តិដោយមិនចាំចាប់ឆ្លងកាត់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឡើយ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ