ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ការអូសបន្លាយ ជំងឺកូវីដ-១៩ ជិត២ឆ្នាំកន្លងមកនេះ ក្លាយជាវិញ្ញាសារ សាកល្បងសមត្ថភាពដ៏ធំ ក្នុងការដឹកនាំ និងអភិវឌ្ឍសម្រាប់អាស៊ាន និងប្រទេស ជាសមាជិកនីមួយៗ ។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូ នាថ្ងៃទៅ២៦ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ការអូសបន្លាយ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អស់រយ:ពេលជិត២ឆ្នាំកន្លងមក បានក្លាយជាវិញ្ញាសារសាកល្បង សមត្ថភាពដ៏ធំមួយ ក្នុងការដឹកនាំ និងអភិវឌ្ឍទាំងសម្រាប់អាស៊ាន ទាំងមូល និងទាំងសម្រាប់ប្រទេស ជាសមាជិកនីមួយៗ ។ មកដល់ពេលនេះ យើងអាចវាយតម្លៃបានថា អាស៊ាន នឹងឈានទៅរកការគ្រប់គ្រង ការរីករាលដាល នៃជំងឺនោះបាន ប្រកបដោយប្រសិទ្ធភាព នាពេលដ៏ខ្លីខាងមុខ»។


សម្ដេចតេជោបន្ដថា ជាទិសដៅទៅមុខ ការងារសំខាន់បន្ត និង បន្ទាប់ គឺការស្តារនិងការ អភិវឌ្ឍ វិស័យ សង្គម សេដ្ឋកិច្ចឡើងវិញ តាមរយ:ការធានាប្រក្រតីភាព នៃលំហូរពាណិជ្ជកម្ម ការធ្វើដំណើរ និងការធ្វើសេរីភាវូបនីយកម្ម ពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ ក្នុងន័យនេះ កម្ពុជា គាំទ្រនូវការរៀបចំ ទស្សន វិស័យអាស៊ានក្រោយឆ្នាំ២០២៥ និងស្វាគមន៍ការអនុម័ត លក្ខខណ្ឌប្រតិបត្តិ សម្រាប់ក្រុមការងារជាន់ ខ្ពស់ទទួលបន្ទុកកិច្ចការនោះ។


សម្ដេចតេជោបន្ថែមថា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការ ចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹ: គួបផ្សំនិងវិធានការផ្សេងទៀត ។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល បាននឹងកំពុងជំរុញ ការបើកដំណើរ ការសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ តាមគន្លងប្រក្រតីភាពថ្មី ហើយក៏គ្រោងនឹង ដាក់ចេញយុទ្ធសាស្រ្តស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី នៅចុងឆ្នាំ២០២១នេះ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ