កោះកុង ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា សម្ដេច សុខចិត្តឱ្យក្រុមប្រឆាំងនៅក្រៅប្រទេសហៅថា «ជនផ្ដាច់ការ» ទៅចុះ នៅពេលសម្ដេច និយាយពីសន្ដិភាពរបស់ប្រទេសកម្ពុជា ជាជាងមិនអាចស្វែងរកសន្ដិភាពជូនប្រជាពលរដ្ឋ។

សម្ដេចធិបតី បន្ដថា បើគ្មានសុខសន្តិភាព ក៏គ្មានការអភិវឌ្ឍផ្នែកថាមពលអគ្គិសនីនោះដែរ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីតាតៃលើ អានុភាព ១៥០មេហ្គាវ៉ាត់ ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អ្នកខ្លះឱ្យតែនិយាយពីសុខសន្ដិភាព ស្ថិរភាពរបស់កម្ពុជា ពួកគេតែងតែចោទប្រកាន់ថា រាជរដ្ឋាភិបាល ផ្ដាច់ការ ខណៈប្រទេសកម្ពុជាបើគ្មានសុខសន្ដិភាព ក៏គ្មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា វិស័យថាមពលអគ្គិសនីនេះ ជាដើម។

សម្ដេច មានប្រសាសន៍ថា «អ្នកដែលចោទខ្ញុំ ឱ្យតែនិយាយសន្ដិភាព ថា សន្ដិភាព ឱ្យតែរដ្ឋាភិបាលនិយាយសន្ដិភាព គឺស្មើនឹងផ្ដាច់ការ បានន័យថា យើងខិតខំថែរក្សាសន្ដិភាព ស្ថិរភាពឱ្យបានទោះក្នុងតម្លៃណាក៏ដោយនេះជាការប្ដេជ្ញាចិត្ត ឱ្យគេចែកថា នេះជាការផ្ដាច់ការ។ បើសិនជាការប្ដេជ្ញាចិត្តថែរក្សាសន្ដិភាព និងស្ថិរភាព ឱ្យប្រជាពលរដ្ឋ ត្រូវបានគេចោទថា ផ្ដាច់ការ ខ្ញុំ សុខចិត្តឱ្យគេហៅខ្ញុំថា ផ្ដាច់ការ ជៀសជាងឱ្យប្រជាជន ចោទខ្ញុំ ថា អសមត្ថភាព ឱ្យសង្គ្រាមកើតឡើង និងស្លាប់ឡើងវិញ»។

សម្ដេច បន្ដថា សម្ដេច មិនឱ្យប្រជាជនចោទថា រាជរដ្ឋាភិបាល អាណត្តិទី៧នេះ គ្មានសមត្ថភាព ថែរក្សាសេចក្ដីសុខជូនប្រជាជន ជាពិសេស សុខសន្ដិភាព ដែលបានដោយការលំបាក និងការលះបង់ច្រើនណាស់របស់ជាតិ។ អ្នកខ្លះថា ១០០ថ្ងៃ នៃរាជរដ្ឋាភិបាលថ្មី ទៅធ្វើពិធីកាន់ទុក្ខ គឺកាន់តែពួកអ្នកឯងចុះ ខណៈប្រជាពលរដ្ឋ រាប់លាននាក់ បានសប្បាយរីករាយចំពោះ ព្រះរាជពិធីបុណ្យអុំទូក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ