ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការអំពាវនាវដល់យុវជនដែលប្រឡងជាប់ជំនាញកសិកម្ម នៅតាមឃុំ-សង្កាត់ រួចរាល់ហើយ ត្រូវប្រើបេះដូងមកធ្វើការ ដោយខិតខំប្រឹងប្រែងយកជំនាញរបស់ខ្លួន ទៅជួយដល់កសិករ។

ក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានបេក្ខជនប្រមាណជិត ១ម៉ឺននាក់ បានដាក់ពាក្យប្រឡងជាមន្ត្រីជំនាញកសិកម្មនៅតាមឃុំ-សង្កាត់ ខណៈគោលការណ៍របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកត្រឹមតែចំនួន ២៥០នាក់ប៉ុណ្ណោះ។

សម្ដេចធិបតី ក៏បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបើកទូលាយសម្រាប់ការប្រឡងនេះ សំដៅធានាឱ្យបានតម្លាភាព យុត្តិធម៌ សុក្រឹត្យភាព និងប្រកបដោយគុណភាពដោយផ្ដល់លទ្ធភាពដល់អ្នកដែលមានឆន្ទៈពិតប្រាកដលើកិច្ចការនេះ។

លើសនេះ សម្ដេចធិបតី បានអំពាវនាវដល់និស្សិតដែលបានដាក់ពាក្យប្រឡងជាប់ហើយក្នុងការជ្រើរើសមន្រ្ដីកសិកម្ម ដើម្បីដាក់ពង្រាយទៅតាម ឃុំ-សង្កាត់ ចំនួន ២៥០នាក់ នោះ សូមបំពេញភារកិច្ចដោយយកបេះដូងមកធ្វើការងារ ដើម្បីធ្វើការរួមគ្នាបម្រើដល់ប្រជាពលរដ្ឋ។

សម្ដេច មានប្រសាសន៍ថា «ខ្ញុំ សូមអំពាវនាវដល់បងប្អូន ដែលដាក់ពាក្យទាំងអស់ នៅពេលប្រឡងជាប់ហើយ ទទួលបានហើយ សូមបំពេញភារកិច្ច ដោយបេះដូងមូល ដើម្បីជួយកសិករ។ យើងយកក្របខណ្ឌ មិនមែនយក ដើម្បីបានប្រាក់ខែ ដើម្បីបានក្របខណ្ឌនោះទេ យើងយកដើម្បីបានធ្វើបុណ្យជាមួយប្រជាពលរដ្ឋ ជាមួយប្រទេសជាតិយើង តាមរយៈការប្រឹងប្រែងយកជំនាញ និងជួយដល់កសិកររបស់យើង និងកសិកម្មរបស់យើង»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ