ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ៦៣៧,៨៣៨ ដុល្លារអាមេរិក ដល់អង្គភាព ទទួល ជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ  ដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយ សម្រាប់អនុវត្តគម្រោងខាងក្រោម៖

គម្រោងលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀនក្នុងខេត្តកំពង់ចាម ប្រទេសកម្ពុជា (ឆ្នាំទី ២) (ថវិកាចំនួន ៦៣៧,៨៣៨ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការ Save the Children Japan (SCJ) ។

នៅក្នុងគម្រោងនេះ អង្គការ Save the Children Japan នឹងអនុវត្តសកម្មភាពលើកកម្ពស់ការយល់ដឹងដល់កុមារ ឪពុកម្តាយ និងបុគ្គលិកអប់រំ បង្កើតប្រព័ន្ធ ការពារកុមារនៅតាមសាលារៀន (SBCPM) និងតស៊ូមតិ ដើម្បីកិច្ចការពារកុមារនៅ តាមសាលារៀន ក្នុងគោលបំណងលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀន។

តាមរយៈគម្រោងនេះ  សិស្សប្រមាណ ១២,០០០នាក់ និងគ្រូបង្រៀនចំនួន ៤៤០នាក់ នៃសាលារៀនគោលដៅ  នឹងអាចទទួលបានអត្ថប្រយោជន៍ពីបរិស្ថានគ្មាន អំពើហិង្សា ដែលមាន សុវត្ថិភាព និងមានលក្ខណៈបរិយាបន្នជាងមុន ដែលនឹងនាំឱ្យមានភាពប្រសើរឡើង នូវការ លូតលាស់ ប្រកបដោយសុខភាពល្អ  និងសុខុមាលភាពរបស់កុមារ។

ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំ ប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ  និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២ មក  រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៥០លាន ដុល្លារអាមេរិក ដល់ គម្រោងចំនួន ១៥២ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ