ភ្នំពេញ ៖ រាជរដ្ឋាភិបាលជប៉ុន ផ្តល់ថវិកា ចំនួន៣៤០,០០០,០០០យេន ស្មើនឹង ៣,០៩០,៩០៩ដុល្លារអាមេរិក ដល់ អង្គការយូនីសេហ្វ សម្រាប់គម្រោងដើម្បីបញ្ចប់អំពើហិង្សាលើកុមារ កំលុងពេលមានជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជា។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ទោះបី ជាកុមារប្រឈមនឹងហានិភ័យសុខភាពពីជំងឺកូវីដ១៩ តិចជាងមនុស្សពេញវ័យក៏ដោយ ក៏មានរបាយការណ៍សាកល មួយចំនួនបានបង្ហាញថា កុមារអាចនឹងមានហានិភ័យខ្ពស់ ក្នុងការទទួលរងនូវអំពើហិង្សា ដែលបណ្ដាលមកពីជំងឺរាត ត្បាតនេះ»។

ជាងនេះទៅទៀត រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន ៣៤០ ០០០ ០០០ យេន ដល់យូនីសេហ្វសម្រាប់គម្រោង នេះ។ គោលបំណងរបស់គម្រោង គឺដើម្បីធានាថា កុមារា និងកុមារី នៅកម្ពុជាទទួលបានការការពារពីអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពានក្នុងអំឡុងពេលរាតត្បាត នៃជំងឺកូវីដ១៩ និងការស្តារឡើងវិញ ដើម្បីពង្រឹង សន្តិសុខមនុស្សជាតិ។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា «រាល់ទម្រង់នៃអំពើហិង្សា ដែលកុមារបានជួបប្រទះអាចបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរ និងពេញមួយជីវិត ហើយយើងមានការព្រួយបារម្ភ យ៉ាងខ្លាំង ដែលពួកគេអាចមានហានិភ័យខ្ពស់ ក្នុងការទទួលរងនូវអំពើហិង្សា និងការរំលោភបំពាន ក្នុងអំឡុងពេល ដ៏លំបាកនៃជំងឺរាតត្បាតកូវីដ១៩»។

ដោយឡែក លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា «អំពើហិង្សាក្នុងវ័យកុមារភាព អាចបង្កគ្រោះថ្នាក់ជាច្រើនដល់កុមារ  និងពេញមួយជីវិតរបស់ពួកគេ។ការទទួលរងគ្រោះនូវអំពើហិង្សានៅ វ័យកុមារភាព ជារឿយ ៗ នាំឲ្យមានផលអវិជ្ជមានខាងអាកប្បកិរិយាផ្លូវចិត្ត និងរាងកាយនៅក្នុងវ័យជំទង់ និងពេញវ័យដែលជាបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ