កម្ពុជាមានអ្នកបរិច្ចាគឈាមជាង៩ម៉ឺនប្លោកក្នុងឆ្នាំ២០១៩
នៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំរាជរដ្ឋាភិបាល ស្តីពីការផ្តល់ឈាម ដើម្បីសង្គ្រោះជីវិត នៅថ្ងៃទី២៧ ខែសីហានេះ លោកហុង គឹមចេង អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា ឈាម គឺជាឱសថដ៏ស័ក្ដិសិទ្ធិបំផុត សម្រាប់ជួយសង្គ្រោះអាយុជីវិត របស់អ្នកត្រូវការ និងជនរងគ្រោះ ដោយសារបញ្ហាផ្សេងជាច្រើន ក្នុងនោះសង្កេតឃើញថា អ្នកបរិច្ចាគឈាម ក្នុងឆ្នាំ២០១៩ នៅមិនទាន់បានបំពេញគោលដៅ ដើម្បីត្រៀមការផ្គត់ផ្គង់តម្រូវការឈាមនោះទេ។
អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល បានបន្តទៀតថា បើតាមរបាយការណ៍បូកសរុប នៃអ្នកបរិច្ចាគឈាមនៅទូទាំងប្រទេស មានអត្រាទាបនៅឡើយ គឺប្រមាណ០,៧ភាគរយតែប៉ុណ្ណោះ បើធៀបនឹងចំនួនប្រជាពលរដ្ឋសរុប។
បាលោកហុក គឹមចេង បញ្ជាក់ទៀតថា ដើម្បីជំរុញការផ្គត់ផ្គង់ឈាម ក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបន្តធ្វើការផ្សព្វផ្សាយដល់មន្ត្រីរាជការ និងក្រុមយុវជន ក៏អាចចូលរួម ជួយកម្ពុជាបានមួយផ្នែកទៀត ក្រៅពីការអភិវឌ្ឍប្រទេសជាតិ គឺតាមរយៈការចូលរួមបរិច្ចាគឈាម នាពេលនេះ។
ជាមួយគ្នា លោកក៏បានធ្វើការអំពាវនាវដល់ស្ថាប័ន ក្រសួង និងសាធារណជនទូទៅ ចូលរួមបរិច្ចាគឈាមឲ្យ បានគ្រប់ៗគ្នា ដើម្បីចូលរួមចំណែកជួយដល់ជនរងគ្រោះ ដែលកំពុងតែដង្ហោយហៅរកការជួយ និងដើម្បីចូលរួមធ្វើយ៉ាងណាឱ្យការផ្តល់អំណោយឈាមនៅទូទាំងប្រទេសកម្ពុជា មានការកើនឡើងជាងមុន ដើម្បីបំពេញតម្រូវការរបស់ជនរងគ្រោះ៕SP