ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគាំទ្រក្រុមហ៊ុនវន្តសាលាដែលជួយបណ្តុះបណ្តាលសមត្ថភាពដល់មន្រ្តី រាជការក្រសួង ព័ត៌មាន ដើម្បីជួយលើកកម្ពស់សមត្ថភាពមន្ត្រីឲ្យកាន់តែរឹងមាំលើផ្នែកបច្ចេកវិទ្យា។

លោក ខៀវ កាញារីទ្ធ បានសម្តែងនូវភាពរីករាយដែលក្រុមហ៊ុនវន្តសាលា មានឆន្ទៈចង់ជួយបង្រៀនមន្ត្រី រាជការ ក្រសួងព័ត៌មាន តាមរយៈបើក«វគ្គបណ្តុះបណ្តាលធនធានមនុស្ស» ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តី រាជការក្រសួងព័ត៌មាន ។

លោករដ្ឋមន្រ្តីបានថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំបើកដំណើរការវគ្គបណ្តុះបណ្តាលអាហារូបករណ៍អេបវន្តសាលា តាមប្រពន្ធ័អនឡាញ ដល់មន្រ្តីក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នាសាលប្រជុំព្រះវិហារ ដើម្បីជួយ ពង្រឹងសមត្ថភាពដល់មន្រ្តី មួយចំនួនដែលចេះតែចំណេះទូទៅ ប៉ុន្តែផ្នែកបច្ចេកវិទ្យានៅមានកម្រិតនៅឡើយ ។

លោក រដ្ឋមន្រ្តី បានជម្រាបជូនថា នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ គឺមានការផ្លាស់ប្តូរប្រពន្ធ័ទូរទស្សន៍ ពីអានណាឡូក ទៅជា ប្រពន្ធ័ឌីជីថល ហើយមានប្រពន្ធ័ផ្សព្វផ្សាយជាច្រើនក៏ត្រូវប្រែប្តូរដែរ។ ដូច្នេះការដែលក្រុមហ៊ុន វន្តសាលា ផ្តល់អាហារូបករណ៍ដល់ មន្រ្តីរាជការ នាឱកាសនេះ គឺជាទុនមួយដ៏ធំដល់ក្រសួងព័ត៌មាន ក្នុងការផ្តល់ចំណេះដឹង និងជំនាញ ដល់មន្រ្តីដែលកំពុងបំពេញកិច្ច ការងារប្រចាំថ្ងៃ។

ទាក់ទងទៅនឹងសារសំខាន់ នៃការរៀបចំវគ្គបណ្តុះបណ្តាលអាហារូបករណ៍វន្តសាលានេះដែរ លោក ហ៊ីវ ជននាថ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ បណ្ដុះបណ្ដាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹតការនៃក្រសួងព័ត៌មាន បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាល ធនធានមនុស្សនេះ គឺផ្តោតលើវិស័យព័ត៌មានវិទ្យា ជំនាញ ក្រាហ្វិក ឌីសាញ ជាជំនាញដែលក្រសួងស្ថាប័នកំពុងត្រូវការ ហើយស្របពេល រាជរដ្ឋាភិបាលកំពុងធ្វើការអភិវឌ្ឍន៍លើវិស័យ ឌីជីថល ។

«សារសំខាន់របស់អាហារូបករណ៍នេះ គឺបំពេញនូវតម្រូវការរបស់ក្រសួងព័ត៌មានច្រើន ដោយសារក្នុងនោះ មានបង្រៀនតាំងពី របៀបបច្ចេកវិទ្យាកាត់តរូបភាព កាត់តវីដេអូ ការធ្វើការរដ្ឋបាល សរសេរកូដ បង្កើតវេបសាយ ហើយនិងវិជ្ជាជីវៈផ្សេងទៀត ដែលមាន សារសំខាន់របស់ក្រសួងព័ត៌មានយើង»។

តាមការបញ្ជាក់របស់ លោក គឹម សិរីវឌ្ឍ អគ្គនាយកក្រុមហ៊ុនវន្តសាលា បានលើកឡើងថា ការបើកវគ្គបណ្តុះបណ្តាលនេះ គឺជាការចូលរួម អភិវឌ្ឍនិងផែនការណ៍គោលនយោបាយរដ្ឋាភិបាលឌីជីថល និងគោលនយោបាយសេដ្ឋកិច្ច ឌីធីថល ផងដែរ។ វន្តសាលា គឺជា App ក្នុងប្រពន្ធ័ Digital ដែលអនុញ្ញាត្តឱ្យគ្រូបង្រៀន ក៏ដូចជាគ្រឹះស្ថានសិក្សា សិស្ស និស្សិត ចែករំលែកចំណេះដឹង ហើយស្វែងរកប្រាក់ ចំណូល តាមរយៈវីដេអូ ទាំងនោះ ។

App វន្តសាលា គឺឈរនៅចំណុច កណ្តាលរវាងគ្រូ និងសិស្ស មានន័យថា គ្រឹះស្ថានសិក្សា គ្រូ និងសិស្ស អាចចែករំលែកចំណេះដឹងអាចរៀបចំមុខវិជ្ជា សម្រាប់ផ្សព្វផ្សាយក្នុង App វន្តសាលាបាន ហើយផ្សព្វផ្សាយជាសាធារណៈ ដើម្បីឲ្យឃើញនូវមុខវិជ្ជាទាំងអស់នេះ ដែលមានភាពងាយស្រួលឲ្យសិស្ស និស្សិត អាចជ្រើសរើសយកមុខវិជ្ជាណាមួយ ដែលត្រូវ ជំនាញរបស់ខ្លួន ហើយអាចពង្រឹងចំណេះដឹងសម្រាប់ ការរៀននៅសកលវិទ្យាល័យ ក៏ដូចជា កំពុងបំពេញការងារលើមុខជំនាញខ្លួន ឯងបាន។ ការសិក្សាតាម App វន្តសាលា គឺបានគ្រប់ទីកន្លែង គ្រប់ពេលវេលា មានន័យថា សិស្ស និស្សិត គឺជាអ្នកគ្រប់គ្រងការសិក្សា ដោយខ្លួនឯង ដែលអាចកំណត់ពេលវេលា និងទីកន្លែងបាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ