រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ណែនាំឲ្យពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងពិធីនានា និងកិច្ចការសង្គម នៅកម្ពុជា
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំឲ្យពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការរៀបចំពិធីនានា និងកិច្ចការសង្គម នៅប្រទេសកម្ពុជា ត្រូវបន្តអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្លួន។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល នាថ្ងៃទី១២ វិច្ឆិកា លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា «នៅក្នុងបរិការណ៍ ដែលកម្ពុជាកំពុងបើកដំណើរការជាបណ្តើរៗនូវសេដ្ឋកិច្ច និងសង្គមឡើងវិញ និងអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅទៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូដ-១៩ ការរៀបចំពិធីនានា និងកិច្ចការសង្គមទាំងឡាយ រួមមាន ៖ សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី សាសនា នយោបាយ និងការជួបជុំទូទៅផ្សេងទៀតជាដើម ត្រូវបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្លួន ដើម្បីចូលរួមកាត់បន្ថយឲ្យបានជាអតិបរមានូវហានិភ័យជាយថាហេតុ ដែលអាចនាំឲ្យមានការផ្ទុះឡើងវិញនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩»៕