ទូតចិនប្រចាំកម្ពុជា ៖ ទោះបីដក EBA ២០% ក៏មិនអាចធ្វើឲ្យវិនិយោគិនរបស់ចិន ឈប់បោះទុននៅកម្ពុជាដែរ
ភ្នំពេញ ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា បើទោះបីជាសហភាពអឺរ៉ុប បានដកប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ចំនួន២០% ពីកម្ពុជាក៏ដោយ ក៏មិនអាចធ្វើឲ្យវិនិយោគិនចិន ឈប់បោះទុននៅកម្ពុជាបានដែរ។
លោកទូត ថ្លែងបែបនេះ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ពេលអញ្ជើញធ្វើសន្និសីទសារព័ត៌មាន សង្ខេបអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសចិន។
លោក វ៉ាង វិធាន បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងការវិនិយោគរវាងចិន និងកម្ពុជា មានភាពស៉ីជម្រៅ ហើយមានភាពល្អប្រសើរ។ ក្រោយពីសហភាពអឺរ៉ុបបានប្រកាសកាត់ EBA ពីប្រទេសកម្ពុជា យើងក៏បានស្រាវជ្រាវអំពីស្ថានភាពមួយចំនួន។ តាមការស្រាវជ្រាវរបស់ខ្ញុំ ខ្ញុំគិតថា ពិតជាមានសហគ្រាសមួយចំនួនគេបានប្រឈមបញ្ហាមួយចំនួន ប៉ុន្តែក៏មានសហគ្រាសកាន់តែច្រើនមកវិនិយោគ នៅប្រទេសកម្ពុជា»។
លោក ឯកអគ្គរដ្ឋទូត ក៏បានបង្ហាញភាពជឿជាក់ថា ទោះប្រឈមនឹងបញ្ហាយ៉ាងម៉េច ក៏កិច្ចសហប្រតិបត្តិការជាក់ស្តែងនៃប្រទេសទាំងពីរនឹងអភិវឌ្ឍនកាន់តែល្អ។ បន្ថែមលើនេះ ការវិនិយោគពីចិនមកកម្ពុជា បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
សូមរំលឹកថា លំហូរនៃវិនិយោគបរទេសមកកម្ពុជា ភាគច្រើនចេញចេញមកពីតំបន់អាស៉ី ជាពិសេសប្រទេសចិន ដែលមានចំនួនជិត ៥០ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសសរុប ដែលធ្វើឱ្យប្រទេសនេះឈរនៅលំដាប់ទី១។ ការវិនិយោគរបស់ចិន ផ្តោតជាចម្បងទៅលើវិស័យផលិតកម្ម, ហិរញ្ញវត្ថុ, សំណង់, អចលនទ្រព្យ និងលំនៅដ្ឋាន៕EB