ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ទោះបីទឹកភ្នែករបស់សម្ដេច ស្រក់ពិតមែន តែអ្នកកុំសង្ឃឹមថា សម្ដេច ផ្ដល់ការយោគយល់ឲ្យអ្នកដែលមកបំផ្លាញសន្ដិភាពរបស់កម្ពុជា។

នាឱកាសអញ្ជើញសម្ពោធភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» រួមជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកភ្នែកសម្តេច តែងតែហូរជានិច្ចនៅពេលស្តាប់ចម្រៀង ទុក្ខស្រីប្តីព្រាត់ អនិច្ចាកូនកំសត់ និងសំបុត្រដែលពិបាកសរសេរបំផុត។ ទោះបីត្រូវហូរទឹកភ្នែក តែសម្តេចនៅតែស្តាប់។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំស្រក់ទឹកភ្នែកដោយខ្លួនឯង នឹកឃើញដល់រឿងនេះ រឿងនេះហើយ ដែលខ្ញុំ ត្រូវតែក្បាលរឹងជាមួយអ្នកដែលបំផ្លាញសន្ដិភាព ត្រូវប្រចាំ។ ទឹកភ្នែករបស់ ហ៊ុន សែន ស្រក់ អ្នកកុំសង្ឃឹមថា ហ៊ុន សែន អាចផ្ដល់ការយោគយល់ឱ្យអ្នក បំផ្លាញសន្ដិភាពរបស់កម្ពុជា»។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ប្រកាសថា សម្ដេច មិន ភ្លើនភ្លេចជាមួយនឹងអំណាច ហើយក៏មិនទុកឱ្យអ្នកដែលមានចេតនាមកបំផ្លាញសន្ដិភាពនេះ ហើយក៏មិនទុកឲ្យធ្វើអ្វីស្រេចទៅតាមតែចិត្តនោះទេ។ សម្ដេច ថា ទោះដោយតម្លៃណាក៏ដោយ ត្រូវការពារសន្ដិភាពឲ្យបាន ព្រោះ ទុក្ខសោករបស់សម្តេច គឺជាទុក្ខសោករបស់ប្រជាជនទាំងមូល។

ឆ្លៀតឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា រឿងរ៉ាវរបស់សម្ដេច មិនអាចយកទៅកាឡៃបានទេ។ សម្ដេច ថា «រឿងរបស់ខ្ញុំ មិនអាចយកទៅកាឡៃបានទេ ពិតជាមិនអាចយកទៅកាឡៃបានទេ ព្រោះបើមិនអញ្ចឹងធ្វើឲ្យអ្វីដែលជាសាច់រឿងពិតរបស់យើង គឺក្លាយទៅជារឿងភូតកុហក ព្រោះរឿងនេះសូម្បីពាក្យមួយម៉ាត់ គឺបើសិនជាខុស ហើយបើសិនជាតួអង្គរបស់ខ្ញុំ ត្រូវជាតួអង្គរបស់ខ្ញុំ គឺមិនអាចឲ្យខុសទេ ព្រោះវាអាចក្លាយរឿងហ្នឹងទៅជារឿងមួយផ្សេង»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ