អក្ខរកម្មឌីជីថល ដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ដល់ការងើបឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជាពីវិបត្តិកូវីដ-១៩
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ បានថ្លែងថា សារៈសំខាន់ នៃអក្ខរកម្មឌីជីថល ដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ដល់ការងើបឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជាពីវិបត្តិជំងឺកូវីដ-១៩។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាល អក្ខរកម្មឌីជីថល ក្នុងវិស័យទេសចរណ៍កម្ពុជា នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ថោង ខុន បានថ្លែងថា «សារៈសំខាន់នៃ អក្ខរកម្មឌីជីថល ដែលដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ដល់ការងើបឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជាពីវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងចូលរួមពង្រឹងនិរន្តរភាព និងឧត្តមភាពប្រកួតប្រជែង នៃវិស័យទេសចរណ៍ជាតិ តាមរយៈការទាញយកសក្តានុពលពីការប្រើប្រាស់បច្ចេកវិទ្យា បំរើដល់ការគ្រប់គ្រង និងការអភិវឌ្ឍ នៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០»។
លោក បានបន្ដថា ជាក់ស្តែង បច្ចេកវិទ្យាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានជ្រៀតចូលយ៉ាងជ្រៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម ក៏ដូចជា ទំនាក់ទំនងរវាងកោសិកា គ្រប់ផ្នែក គ្រប់វិស័យនៃជីវភាពរស់នៅប្រចាំថ្ងៃ ដោយបានជះឥទ្ធិពលយ៉ាងខ្លាំងលើកត្តាផលិតកម្ម ឥរិយាបថនៃការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ រួមទាំងវិស័យទេសចរណ៍ផងដែរ។
ដើម្បីជំរុញយុទ្ធនាការអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព លោករដ្ឋមន្រ្តី បានលើកឡើងនូវអនុសាសន៍ ចំនួន៣ រួមមាន ៖ ទី១-បន្តរៀបចំវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្តោតលើអក្ខរកម្មមូលដ្ឋាន និងអក្ខរកម្មជំនាញ ឆ្លើយតបតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត ស្របតាមគន្លងប្រក្រតីភាពថ្មី និងបដិវត្តន៍ឧស្សាហកម្ម ៤.០ ,ទី២-ជំរុញឱ្យមានការទទួលយក និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ឱ្យបានទូលំទូលាយនៅក្នុងគ្រប់ខ្សែច្រវាក់តម្លៃនៃវិស័យទេសចរណ៍កម្ពុជា ទាំងក្នុងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់ និងទី៣-ជំរុញការធ្វើទំនើបនីយកម្មមធ្យោបាយផ្ដល់ព័ត៌មានទេសចរណ៍ ទាំងសម្រាប់ទីផ្សារទេសចរណ៍អន្តរជាតិ និងទេសចរណ៍ផ្ទៃក្នុង ដោយប្រើប្រាស់ថ្នាលឌីជីថល។
នាឱកាសនោះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានចូលរួមមតិយោបល់ មួយចំនួន ដើម្បីជំរុញអក្ខរកម្មឌីជីថលនៅកម្ពុជា រួមមាន៖ បន្តពង្រឹងការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចាប់ពីការសិក្សានៅកម្រិតមូលដ្ឋាន មធ្យមសិក្សាទុតិយភូមិ ជាពិសេស បន្តជំរុញការស្រូបយក និងការសម្របខ្លួន ដោយបំផុសចលនាឱ្យប្រជាពលរដ្ឋគ្រប់រូបដែលជាកោសិកាសង្គម-សេដ្ឋកិច្ច និងជាតួអង្គដែលមិនអាចខ្វះបាន ត្រូវស្រូបយក និងសម្របខ្លួន ទៅនឹងបច្ចេកវិទ្យាថ្មីៗ ដោយចូលរួមវគ្គបណ្តុះបណ្តាលអក្ខរកម្ម និងអាចស្វែងរកធនធានបន្ថែមដែលមាននៅលើអ៊ីនធឺណិត។
លោក បានបន្ដថា បន្តពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ ជាមួយវិស័យឯកជន និងគ្រឹះស្ថានអប់រំ ទាំងសាលាចំណេះទូទៅ សាលាវិជ្ជាជីវៈ និងសាកលវិទ្យាល័យ ដើម្បីបញ្ចូលការអប់រំផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ នៅក្នុងការបណ្តុះបណ្តាល ការតម្រង់ទិស និងការពង្រឹងសមត្ថភាព ព្រមទាំង បន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ពិសេសបណ្តាញព័ត៌មានវិទ្យា និងទូរគមនាគមន៍ ដើម្បីគាំទ្រដល់នវានុវត្តន៍ និងការពង្រឹងចំណេះ និងជំនាញឌីជីថលនៅកម្ពុជា៕EB