ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងថា សម្ដេច មិនឲ្យមានការរុះរើប្រជាពលរដ្ឋនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រីចេញនោះទេ។ ប៉ុន្តែ សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា ចំពោះប្រជាពលរដ្ឋដែលចង់សាងសង់បន្ថែមនូវលំនៅដ្ឋានថ្មី គឺត្រូវតែអនុវត្តតាមបែបបទរបស់អាជ្ញាធរជាតិអប្សរា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងបែបនេះ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត បានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានចំណុច២ ដែលពលរដ្ឋត្រូវអនុវត្តន៍ ក្នុងនោះទី១ មិនត្រូវសាងសងសំណង់ ឬផ្ទះបន្ថែម ។ ចំណុចទី២ សូមអាជ្ញាធរ និងប្រជាជនសម្រួលគ្នាដើម្បីទំលាក់ទឹកបញ្ចូលទៅក្នុងបារាយណ៍ដើម្បីមានប្រភពទឹកជូនពលរដ្ឋ។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានប្រកាសដែរថា «សាលាស្រុកបន្ទាយស្រី ត្រូវរើពីទីតាំងចាស់ មកកាន់តំបន់រុនតាឯកដែរ។ ដោយឡែកសាលាស្រុកអង្គរធំ ត្រូវរើទៅកាន់ឃ៉ំពាក់ស្នែង វិញ»។ សម្តេចបញ្ជាក់ថា «យើងមិនឲ្យតែពលរដ្ឋរើចេញពីតំបន់អាជ្ញាធរអប្សរា ហើយទុករដ្ឋបាលរបស់ខ្លួននៅតំបន់អាជ្ញាធរអប្បរានោះឡើយ ត្រូវចេញទាំងអស់គ្នា»។

សូមរំលឹកថា ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ