សម្ដេចតេជោ ៖ ក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីបក្សភ្លើងទៀន កុំបារម្ភរឿងគេដេញចេញពីតំណែង បើគ្មានការឯកភាពពី សម្តេចក្រឡាហោម ស ខេង
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សភ្លើងទៀនទាំងអស់ កុំបារម្ភរឿងគេដេញចេញពីតំណែង បើគ្មានការឯកភាពពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
នាឱកាសអញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង ៣ពាន់គ្រួសារ នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានថ្លែងបានថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មកពីបក្សភ្លើងទៀន កុំបារម្ភរឿងគេដេញចេញពីតំណែង ចំពោះការនិយាយថ្កោលទោស ជនក្បត់ជាតិ សម រង្ស៉ី រឿងប្រមាថព្រះមហាក្សត្រ។ សម្តេចតេជោ បញ្ជាក់ថា គ្មាននរណាអាចដកបានឡើយ បើគ្មានការឯកភាពពី សម្តេចក្រឡាហោម ស ខេង។
សម្តេចតេជោ ក៏បានណែនាំឱ្យសមាជិកបក្សភ្លើងទៀន អាចចាកចេញពីបក្ស ទៅកាន់បក្សដទៃ ព្រោះបក្សនេះ អាចនឹងប្រឈមនឹងការរំលាយចោល ប្រសិននៅតែមានការពាក់ព័ន្ធ នឹងជនក្បត់ជាតិបីជំនាន់នោះ។
សម្តេចតេជោ ក៏បានអំពាវនាវដល់កម្លាំងប្រដាប់អាវុធ និងសមាជិកបក្សប្រជាជន ក៏ដូចជាបក្សដទៃទៀត រួមគ្នាការពាររបបរាជានិយម និងរាជបល្លង្កពីជនក្បត់ជាតិ ៣ជំនាន់នេះឲ្យបាន៕EB