ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានលើកលែងការធ្វើចត្តាឡីស័កចំពោះក្រុមគ្រូពេទ្យ និងក្រុមផ្ដល់សេវាជួរមុខ ដែលអនុវត្តតាមវិធានការសុខាភិបាលខ្ជាប់ខ្ជួន ក្នុងពេលបំពេញការងារ ហើយឈប់សម្រាក៤ថ្ងៃ មុននឹងវិលចូលបម្រើការងារនៅអង្គភាពដើមវិញ។

យោងតាមចំណារឯកភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លើសំណើសុំគោលការណ៍របស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្មីៗនេះ ដោយផ្អែកលើមូលដ្ឋានសំខាន់ចំនួន២ រួមមាន ៖ទី១-ការធ្វើចត្តាឡីស័ករបស់អ្នកជំងឺកូវីដ-១៩ ដែលបានជាសះស្បើយ ត្រូវបានលុបចោល និងទី២-អត្រាក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខដែល បានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ មានកម្រិតខ្ពស់ ដែលនាំឱ្យមានភាពស៊ាំ និងប្រសិទ្ធភាព ក្នុងការកាត់បន្ថយកម្រិតគ្រោះថ្នាក់នៃវីរុសកូវីដ-១៩។

យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា «លើកលែងការធ្វើចត្តាឡីស័កចំពោះក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខ ដែលបានអនុវត្តតាមវិធានការ សុខាភិបាលខ្ជាប់ខ្ជួនក្នុងពេលបំពេញការងារ និងទទួលបានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន PCR (-) ក្រោយបញ្ចប់ភារកិច្ចនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ហើយក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខទាំងនេះ ត្រូវបានអនុញ្ញាតឱ្យមានការឈប់សម្រាករយៈពេល ៤ថ្ងៃ មុននឹង វិលចូលបម្រើការងារសនៅអង្គភាពដើមវិញ»។

ក្រសួង បានបន្ដថា លើកលែងការធ្វើចត្តាឡីស័កចំពោះក្រុមគ្រូពេទ្យ និងអ្នកផ្តល់សេវាទូទៅដែលមិនមែនជាក្រុមផ្តល់ សេវាជួរមុខ ប៉ុន្តែ មានការចាំបាច់ត្រូវធ្វើអន្តរាគមន៍វេជ្ជសាស្ត្រ ដូចជា ការវះកាត់ ឬការផ្តល់សេវានានា ដល់អ្នកជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាល ក្នុងរយៈពេលខ្លី ហើយបានប្រើប្រាស់ សម្ភារៈ និងឧបករណ៍ការពារខ្លួន (PPE) កម្រិត៣ បានត្រឹមត្រូវ។

ក្រសួង ក៏បានបញ្ជាក់ទៀតថា ចំពោះក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ និង ដែលមិនបានអនុវត្តត្រឹមត្រូវតាមវិធានការសុខាភិបាល ត្រូវធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ (គិតចាប់ពីថ្ងៃដែលបានប៉ះពាល់) នៅផ្ទះ ឬនៅតាមទីតាំងដែលបានកំណត់ទុក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ