ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋខ្មែរ ថា ទោះបីកម្ពុជាមានជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ អូមីក្រុង កុំស្លន់ស្លោហួស កុំភ័យពេក រហូតបាត់ម្ចាស់ការ។
ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ចំណូលខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ មានការកើនឡើង បើប្រៀបធៀបទៅខែនានា។ សម្ដេច ជឿជាក់ថា ការកើនឡើងនេះ នឹងកើនឡើងជាបន្ដបន្ទាប់ មិនថយឡើយ។
សម្ដេចតេជោ បន្ដថា ទោះបីមានជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ អូមីក្រុង ដែលកើតមានឡើងនៅបណ្ដាប្រទេសមួយចំនួន តែមិនទាន់មានកើតនៅកម្ពុជា។
សម្ដេចតេជោ បញ្ជាក់ថា «ទោះបីជា អូមីក្រុង មកដល់ ក៏ប៉ុន្ដែខ្ញុំ សូមបញ្ជាក់ថា យើងកុំស្លន់ស្លោហួស កុំភ័យពេក រហូតបាត់ម្ចាស់ការ។ ឥឡូវនឹង អាហ្វ្រិក ខាងត្បូង ខ្លួនឯង បញ្ជាក់ថា វាអត់មានអីទៅណាផង រួចហើយ ប្រកាសគ្រប់កន្លែង ដូចជា បំភ័យមនុស្ស។ តែយើង ក៏ត្រូវប្រយ័ត្ន»។
សម្ដេចតេជោ បន្ថែមថា អង្គការសហប្រជាជាតិ បង្ហាញការសោកស្ដាយ ចំពោះតំបន់អាហ្វ្រិក ដោយគេកាត់ផ្ដាចតំបន់នេះ ដោយកើតជំងឺ អូមីក្រុង ហើយ អង្គការសហប្រជាជាតិ ស្នើមកវិញ តាមរយៈបង្កើនការធ្វើតេស្ដ។
សម្ដេចតេជោ ណែនាំដល់ក្រសួងសុខាភិបាល ត្រូវបង្កើនការធ្វើតេស្ដ ប្រទេសទាំង១០ ក្នុងតំបន់អាហ្វ្រិក។ សម្ដេច ក៏ឲ្យក្រសួងសុខាភិបាល ពិចារណា ចំពោះការបើកឡើងវិញ នូវប្រទេសទាំង១០នេះ ដោយជំនួសមកវិញ បង្កើនការធ្វើតេស្ដ តាម PCR ។ សម្ដេច ថា កម្ពុជា ធ្វើបែបនេះ កម្ពុជាមិនឯកការ និងមានឥរិយាបទ រើសអើងជាមួយ ប្រទេសអាហ្វ្រិក ទាំងនោះ។
សម្ដេចតេជោ ក៏បានប្រាប់ប្រជាពលរដ្ឋខ្មែរ បើមានការភ័យជ្រុល ចំពោះ ជំងឺអូមីក្រុង នាំឲ្យមានកើតជំងឺផ្សេងៗ។ សម្ដេចថា «យើងមិនហ៊ានហួស ហើយក៏មិនខ្លាចពេក តែមិនហ៊ានពេក»។ សម្ដេច អ្វីដែលចាំបាច់ គឺពង្រឹងវិធានការសុខាភិបាល៕EB