ស្ទឹងត្រែង  ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្ដប្រុងប្រយ័ត្ន និងអនុវត្តវិធានការ ៣ការពារ និង៣កុំ ឲ្យបានម៉ឺងម៉ាត់ ដើម្បីការពារជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង» បើទោះបីមិនទាន់មានវត្តមាននៅកម្ពុជាក្ដី។

ក្នុងឱកាសអញ្ជើញប្រគល់វ៉ាក់សាំង និងរថយន្ដដឹកវ៉ាក់សាំង ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ លោក ម៉ម ប៊ុនហេង «ប្រជាជនយើងត្រូវតែប្រុងប្រយ័ត្ន អនុវត្តវិធានការ ៣ការពារ និង៣កុំ គឺសំខាន់ខ្លាំងណាស់ ដើម្បីការពារជំងឺកូវីដ១៩»។

បន្ថែមពីនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានបញ្ជាក់អំពីវិធានការមួយចំនួនផងដែរ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ចូលមកកម្ពុជា ពិសេសពពួកបំប្លែងថ្មី «អូមីក្រុង» ដោយអនុវត្តតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺត្រូវធ្វើតេស្ដលើអ្នកដំណើរទាំងឡាយណា ដែលធ្វើដំណើរឆ្លងកាត់ប្រទេសអាហ្វ្រិក ដោយម៉ាស៉ីន PCR។ ក្នុងករណីរកឃើញវិជ្ជមាន ត្រូវបញ្ជូនទៅកន្លែងព្យាបាលភ្លាមៗ ហើយបើអវិជ្ជមានឲ្យបន្ដដំណើរធម្មតា។

ស្របពេលដែលរាជរដ្ឋាភិបាល អនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវក្លឹបកម្សាន្ដ ខារ៉ាអូខេជាដើមនោះ លោក ម៉ម ប៊ុនហេង ក៏បានគូសបញ្ជាក់ឲ្យម្ចាស់ទីតាំង និងអ្នកភ្ញៀវដែលទៅកន្លែងទាំងនោះ ត្រូវតែប្រុងប្រយ័ត្នដូចគ្នាផងដែរ។

លោករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា ម្ចាស់ទីតាំងអាជីវកម្ម ចាំបាច់បំផុតត្រូវសួរនាំរកកាតចាក់វ៉ាក់សាំងពីភ្ញៀវដែលចូលទៅកន្លែងរបស់ខ្លួន។ ក្នុងករណីគ្មានកាតចាក់វ៉ាក់សាំង មិនត្រូវអនុញ្ញាតឲ្យចូលនោះទេ ព្រោះវ៉ាក់សាំងនេះសំខាន់ណាស់ ដើម្បីការពារ ឬបង្ការកុំឲ្យឆ្លងជំងឺកូវីដ១៩៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ