ចាប់ពីថ្ងៃស្អែកតទៅ ប្រជាពលរដ្ឋអាចទិញឱសថព្យាបាលជំងឺកូវីដ-១៩ «ម៉ូលណាទ្រីស» ១កំប៉ុង តម្លៃ៥៥ដុល្លារ
ភ្នំពេញ ៖ នៅកម្ពុជា គិតចាប់ពីថ្ងៃទី ២៣ ខែធ្នូ ស្អែកនេះទៅ គឺសាធារណជន អាចជាវឱសថព្យាបាលជំងឺកូវីដ-១៩ «ម៉ូលណាទ្រីស» បានដោយក្នុង ១កំប៉ុង តម្លៃ៥៥ដុល្លារ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណកៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចុះនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ ។
យោងតាមប្រភពដដែល បានបន្តថា ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបញ្ជាក់ថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពសុំាសហគមន៍រឹងមាំពិតប្រាកដមួយទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក្រុមការងារបាននាំចូលឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ។
ឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ នឹងត្រូវចែកចាយក្នុងតម្លៃ ៥៥ ដុល្លារអាមេរិក ក្នុង១ដូស (១ដូស ស្មើនឹង ១ កំប៉ុង មាន ៤០ គ្រាប់) ។ ការលក់ជូននឹងចាប់ផ្តើមនៅថ្ងៃស្អែកតទៅ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន។
ប្រភពដដែល បានបញ្ជាក់ថា ដូច្នេះមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញឱសថម៉ូលណាទ្រីស ដោយផ្ទាល់នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានទីតាំងនៅអគារលេខ ១៣ មហាវិថីព្រះមុន្នីវង្ស ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ៕EB