ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនបន្តកើនឡើង ក្នុងឆ្នាំ២០២១នេះ បើទោះស្ថិតក្នុងវិបត្តិកូវីដ១៩។ របាយការណ៍ផ្លូវការបង្ហាញថា ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ សម្រេចបាន ១,៧ប៊ីលានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ កើនឡើង ៤,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ការនាំទំនិញរបស់ប្រទេសកម្ពុជា ទៅកាន់ប្រទេសជប៉ុន មានទឹកប្រាក់សរុប ១,៣ប៊ីលានដុល្លារ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១នេះ កើនឡើង ៨,៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែកកម្ពុជា បាននាំទំនិញចូលពីប្រទេសអាស៊ីខាងកើតមួយនេះ មានទឹកប្រាក់សរុប ៤៣៨លានដុល្លារ កើនឡើង ២៩ភាគរយ ធៀបនឹងរយៈពេល៩ខែឆ្នាំមុន។
តួលេខពាណិជ្ជកម្មនេះ បានធ្វើឱ្យជញ្ជីងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា មានអតិរេកពាណិជ្ជកម្មជាមួយប្រទេសជប៉ុន ប្រមាណ ៨៧៨ លានដុល្លារ។
យោងតាមក្រសួងពាណិជ្ជកម្ម ការនាំចេញសំខាន់ៗរបស់ប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុនរួមមាន សំលៀកបំពាក់ កាបូបសម្រាប់ធ្វើដំណើរ ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសំអាង ក្រដាស សម្ភារៈការិយាល័យ និងទំនិញធ្វើពីស្បែក។ការនាំចេញពីប្រទេសជប៉ុនមកកម្ពុជារួមមានគ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម ក្រណាត់ និងផលិតផលប្លាស្ទិក។
សូមរំលឹកថា កាលពីឆ្នាំ ២០២០ កន្លងទៅ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងជប៉ុនមានទំហំទឹកប្រាក់ចំនួន ២,០៩៩ ពាន់លានដុល្លារ ពោលគឺថយចុះចំនួន ៨ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ កន្លងទៅ ដែលក្នុងនោះការនាំចេញសរុបរបស់កម្ពុជាទៅជប៉ុនមានទំហំទឹកប្រាក់ចំនួន ១,៦១៥ ពាន់លានដុល្លារ ធ្លាក់ចុះ ៦,៧ ភាគរយ៕EB