ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសបិទបញ្ចប់ ព្រឹត្តិការណ៍ឆ្លងកូវីដសហគមន៍ ២០ កុម្ភៈ ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ។
តាមរយៈសារសំឡេង នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ខ្ញុំ សម្រេចប្រកាសបញ្ចប់ ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលព្រឹត្តិការសោកនាកម្មសម្រាប់ប្រទេសយើង ដោយជំងឺកូវីដ-១៩។ ចាប់ពីថ្ងៃទី២០ កុម្ភៈ រហូតដល់ថ្ងៃទី ២០ ធ្នូ មានរយៈពេល១០ខែ ដែលធ្វើឲ្យប្រជាពលរដ្ឋរបស់យើង បានឆ្លងជំងឺកូវីដ ចំនួន១២.៤០២២នាក់ និងបាត់បងជីវិត ចំនួន៣០០៥នាក់»។
សម្ដេចតេជោ បន្ដថា ថ្ងៃទី២០ ធ្នូ នេះ គឺជាលើកដំបូង ក្នុងរយៈពេល១០ខែ ដែលកម្ពុជាពុំមានមនុស្សស្លាប់ និងអ្នកឆ្លងជំងឺកូវីដ-១៩មានត្រឹមតែ ចំនួន៧នាក់ប៉ុណ្ណោះ។ សម្ដេច ថា កាលពេលមុន មានប្រជាជនកម្ពុជា បានឆ្លងជំងឺកូវីដ-១៩ រាប់រាយអ្នក និងអ្នកស្លាប់វិញ រាប់សិបអ្នក ផងដែរ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,៤២៣នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៨០៣នាក់, ស្លាប់សរុបចំនួន៣,០០៥នាក់៕EB