(មានវីដេអូ) ស្នងការនគរបាលខេត្តតាកែវ ផ្ដាំផ្ញើដល់សាធារណៈជនកុំមានការព្រួយបារម្ភ បន្ទាប់ពីពលរដ្ឋមួយចំនួន មានភ័យខ្លាចចំពោះសុវត្ថិភាពផ្ទាល់ខ្លួន
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានផ្ដាំផ្ញើដល់សសាធារណៈជនទាំងអស់ កុំមានការព្រួយបារម្ភ នៅពេលមកលេងកម្សាន្ដនៅតាកែវ ព្រោះថា អាជ្ញាធរនៅមូលដ្ឋានបានធ្វើការបង្ក្រាបក្រុមក្មេងទំនើងឱ្យបានទាន់ពេលវេលា។
ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បន្ទាប់មានបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហោះចែកចាយថា «មានករណីផ្សេងៗគ្នា យ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវសាធារណៈក្នុងខេត្តតាកែវ បានបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ»។
ជុំវិញបញ្ហាខាងលើនេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានថ្លែងប្រាក់សារព័ត៌មាន NP News នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ «សូមធ្វើការផ្ដាំផ្ញើដល់សាធារណៈជនទាំងអស់ និងអ្នកមកលេងកម្សាន្ដនៅខេត្តតាកែវ កុំមានការព្រួយបារម្ភឱ្យសោះ ព្រោះថា អាជ្ញាធរនៅមូលដ្ឋាន បានធ្វើការបង្ក្រាបគ្រប់ករណី ដូច្នេះ ប្រជាពលរដ្ឋទាំងអស់ កុំមានការភ័យខ្លាច»។
លោកស្នងការ ក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដោយធ្វើបង្ក្រាបក្មេងទំនើងឱ្យបានទាន់ពេលវេលា ប្រសិនមានករណីអ្វីមួយកើតឡើង។
សូមរំលឹកថា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ មានយុវជនម្នាក់ ត្រូវក្មេងស្ទាវមួយក្រុមកាប់ប្រហារ ពេលកំពុងជិះម៉ូតតាមដងផ្លូវ។ ជនរងគ្រោះ និងជនបង្ក មិនដែលស្គាល់គ្នា ឬមានជម្លោះជាមួយគ្នានោះទេ ប៉ុន្ដែដោយសារក្រុមជនបង្កខឹងចិត្តកាប់អ្នកផ្សេងដែលជាគូជម្លោះមិនបាន ហើយឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក៏កាប់សម្លាប់តែម្ដង៕