កម្ពុជា កំពុងស្វែងរកប្រភពផ្គត់ផ្គង់ថាមពលអគ្គិសនីកកើតឡើងវិញបន្ថែមទៀត ទោះបច្ចុប្បន្នមានជាង ៦២% ក៏ដោយ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងខិតខំរកប្រភពអគ្គិសនីបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំណើនត្រូវការប្រើប្រាស់របស់ប្រជាជន និងសេដ្ឋកិច្ចរបស់ប្រទេស ជាពិសេសប្រភពអគ្គិសនីកកើតឡើងវិញ ដែលមិនបំពុលបរិស្ថាន និងចូលរួមដល់ការទប់ស្កាត់ការបម្រែប្រួលអាកាសធាតុ។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ និងពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នៅព្រឹកថ្ងៃទី ១៤ខែមីនា ឆ្នាំ ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ទោះបីជាសព្វថ្ងៃនេះការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅក្នុងប្រទេសកម្ពុជា ប្រមាណជាង ៦២% បានមកពីប្រភពថាមពលកកើតឡើងវិញក៏ដោយ ប៉ុន្តែយើងនឹងនៅតែបន្តខិតខំរកប្រភពអគ្គិសនីបែបនេះបន្ថែមទៀត ទាំងពីប្រភពវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងប្រភពផ្សេងៗទៀត ដែលមិនបំពុលបរិស្ថាន ខណៈដែលបណ្តាប្រទេសនានានៅលើពិភពលោកកំពុងប្តេជ្ញាកាត់បន្ថយការប្រើប្រាស់ថាមដើរដោយធ្យូងថ្ម និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ»។
សម្តេចតេជោ បន្ដថា ឥឡូវនេះនៅទូទាំងប្រទេសភូមិដែលតភ្ជាប់នឹងបណ្តាញជាតិមានប្រមាណ ៩៩ភាគរយនៃភូមិ និងផ្ទះប្រជាពលរដ្ឋប្រមាណ ៩០ភាគរយ ត្រូវបានតភ្ជាប់នឹងបណ្តាញជាតិរួចហើយ។ វាជាសម័យប្រើប្រាស់អគ្គិសនី មិនមែនជាសម័យ ប្រើចន្លុះដុត ភ្លើងទៀន និងភ្លើងចង្កៀងទៀតនោះទេ ដូច្នេះយើងមានតម្រូវការវា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពីមុនការប្រើប្រាស់ថាមពលអគ្គិសនីនៅរាជធានីភ្នំពេញ ក្នុងអំឡុងទសវត្សឆ្នាំ ៩០ មានត្រឹមតែ ៣០មេហ្គាវ៉ាត់ប៉ុណ្ណោះ ក៏ប៉ុន្តែបច្ចុប្បន្នកើនដល់ ១.០០០មេហ្គាវ៉ាត់ និងនៅទូទាំងប្រទេសកើនដល់ជាង ២.២០០មេហ្គាវ៉ាត់។ ហើយតម្រូវការទៅមុខទៀត នឹងមានការកើនឡើងបន្តទៀត ដូច្នេះយើងត្រូវតែរកវិធីផ្គត់ផ្គង់អគ្គិសនី។
ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីដោះស្រាយការផ្គត់ផ្គង់ថាមពលអគ្គិសនី ដែលមិនបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ក្នុងនោះវារីអគ្គិសនី គឺជាជម្រើសដ៏ល្អបំផុតមួយ។ បើទោះបីជាវាប៉ះពាល់ផ្ទៃដីនៅនឹងកន្លែង ដែលតម្រូវឲ្យយើងយកប្រជាពលរដ្ឋចេញពីទីនោះ នៅពេលដែលយើងទប់អាងស្តុកទឹក៕EB