ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ដោយសារប្រទេសកម្ពុជា ពុំមានសកម្មភាពវាយប្រហារភេរវកម្ម ទើបថ្នាក់ដឹកនាំកំពូលបណ្ដាប្រទេសនានា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអភ័ទោសចំពោះប្រជាពលរដ្ឋ រស់នៅទីក្រុងភ្នំពេញ ដើម្បីធានាសុវត្ថិភាពយ៉ាងកុំឱ្យកកស្ទះចរាចរណ៍ និងកុំឱ្យរំខានដល់ភ្ញៀវអញ្ជើញមកកម្ពុជា ត្រូវបិទផ្លូវមួយចំនួន ក្នុងធ្វើចរាចរណ៍ជូនភ្ញៀវ។

សម្ដេចតេជោ ក៏បានណែនាំដល់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេសខ្មែរ ត្រូវរៀបចំសុន្ទរកថារបស់សម្ដេច ឱ្យបានខ្លីបំផុតព្រោះសម្ដេច ធ្វើជាប្រធានអង្គប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធនានា។

សម្ដេចតេជោ បានឱ្យដឹងទៀតថា កាលពីថ្ងៃទី៣១ តុលា រថយន្ដរបស់ លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក បានដឹកមកដល់ប្រទេសកម្ពុជាហើយ។ សម្ដេច បន្ដថា មិនមែនលោក ចូ បៃឌិន មិនទុកចិត្តកម្ពុជាទេ គឺលោក ទៅណាក៏ដោយ ត្រូវយករថយន្ដផ្ទាល់ខ្លួនរបស់លោក យកទៅខ្លួនជានិច្ច។ បើសិន ប្រធានាធិបតីរុស្ស៊ី លោក ពូ ទីន គាត់មកកម្ពុជានោះ គឺលោក ក៏យករថយន្ដផ្ទាល់ខ្លួនមកដែរ។ ប៉ុន្ដែថ្នាក់ដឹកនាំប្រទេសដទៃទៀត គឺប្រើប្រាស់រថយន្ដនៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ បានបង្ហាញក្ដីរីករាយថា ការជួបជុំរបស់ថ្នាក់ដឹកនាំកំពូលនៅកម្ពុជា នាពេលខាងមុខនេះ មិនមែនជារឿងតូចតាចសម្រាប់ប្រទេសក្រីក្រមួយមួយឡើយ។ សម្ដេច ថា ដោយសារប្រទេសកម្ពុជា មានសុខសន្ដិភាព ទើបមិត្តភក្តិបរទេស អញ្ជើញមកប្រទេសកម្ពុជា។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ដោយសារប្រទេសយើង ពុំមានសកម្មភាពវ៉ៃប្រហារភេរវកម្ម ដែលយើងការពារបាន សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ទើបមិត្តភក្តិរបស់យើងមកប្រជុំ សុទ្ធតែជាមហាអំណាច។ ពិតមែនហើយមកដល់ម៉ោងនេះ មិនទាន់ទទួលព័ត៌មានពីឆ្លើយតបពី ប្រធានាធិបតីរុស្ស៊ីនោះទេ សម្រាប់ការចូលរួមប្រជុំរវាងអាស៊ាន ជាមួយរុស្ស៊ី និងការប្រជុំអាស៊ីបូព៌ា ដែលយ៉ាងណាក៏បានអញ្ជើញគាត់ ចូលរួមកិច្ចប្រជុំដែរ»។

សូមរំលឹកថា កម្ពុជា បានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីឆ្នាំ២០០២ និង២០១២ ហើយនៅឆ្នាំ២០២២នេះ ជាលើកទី៣ហើយ ដែលកម្ពុជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ