ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍កត់សម្គាល់ថា សភាពការណ៍សន្ដិសុខ និងសមិទ្ធផលធំៗ ដែលក្រសួងមហាផ្ទៃ ខិតខំសម្រេចបានក្នុងឆ្នាំ២០២២ ដូចជា ក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ ក្រសួងមហាផ្ទៃ បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្ដិភាព ស្ថិរភាពនយោបាយ ឯករាជ្យ ព្រមទាំងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទជាដើម។

ជាមួយគ្នានោះ សម្តេចក្រឡាហោម ក៏បានលើកឡើងថា នៅផ្ទៃក្នុងប្រទេសក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានមួយចំនួន បានបន្ដខិតខំរកនិតិវិធីបង្កឱ្យមានភាពចលាចល វឹកវរក្នុងសង្គម ដើម្បីបម្រើឧបាយកលនយោបាយផ្ដួលរលំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត តាមគោលការណ៍លទ្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ជូនសម្ដេចក្រឡាហោម ស ខេង និងអង្គសន្និបាត ថា ឆ្នាំ២០២២ គឺជាឆ្នាំទី៤ នៃការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។

នាយឧត្តមសេនីយ៍ បន្ដថា នាអំឡុងពេលមួយឆ្នាំនេះ បើទោះបី ស្ថានការណ៍សន្តិសុខក្នុងតំបន់ និងសកលលោក បន្តមានការវិវត្តប្រែប្រួលពិបាកប៉ាន់ស្មាន និងមានហានិភ័យខ្ពស់យ៉ាងណាក្តី  ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានពុះពារឆ្លងកាត់ដោយជោគជ័យនូវវិបត្តិ និងបញ្ហាប្រឈមទាំងនោះ ដោយបាននាំមកនូវសមិទ្ធផលធំធេងជូនប្រជាជាតិខ្មែរបន្ថែមទៀតផងដែរ។

 

នាយឧត្តមសេនីយ៍ បន្ថែមថា សមិទ្ធផលជាក់ស្តែងគឺកិច្ចការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ដោយបានជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ