ក្រុមគ្រួសារមន្ត្រីនគរបាលស័ក្តិ៤ ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ដំបូងគេបង្អស់នៅកម្ពុជា បានទទួលប្រាក់ឧបត្ថម្ភពីថា្នក់ដឹកនាំ និងមន្ត្រី នៃនាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ
(ភ្នំពេញ)៖ ដោយមើលឃើញពីការលំបាករបស់អ្នកស្រី វេង សុម៉ាលី ភរិយាមន្ត្រីនគរបាលស័ក្តិ៤ ឈ្មោះ ឡៅ វណ្ណា ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ដំបូងគេបង្អស់នៅកម្ពុជា ថា្នក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ទាំងអស់បានចូលរួមបរិច្ចាកថវិការសប្បុរសធម៌សរុបចំនួន ១៤,៧៨០,000រៀល ដើម្បីចូលរួមជួយសម្រួលដល់ការរស់នៅ និងផ្គត់ផ្គង់ការសិក្សារបស់កូនៗ ។
ក្រោយទទួលបានថវិការរបស់ ថា្នក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ទាំងអស់ តាមរយៈក្រុមការងារសារព័ត៌មានNP News អ្នកស្រី វេង សុម៉ាលី និងកូនៗបានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសណ្តានចិត្តដ៏ថ្លៃថ្លា ដែលបានជួយដល់ក្រុមគ្រួសារអ្នកស្រី ស្របពេលកំពុងជួបការលំបាកនាពេលនេះ។
ក្រៅពីបានផ្តល់ជូននូវថវិការដល់អ្នកស្រី វេង សុម៉ាលី ភរិយាមន្ត្រីនគរបាលស័ក្តិ៤ ថា្នក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ទាំងអស់ ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព បន្ទាប់ពីមានសោធនាដកម្មកើតឡើងចំពោះគ្រួសារអ្នកស្រី ដែលបាត់បង់ប្តី និងឳពុកជាទីស្រឡាញ់ ជាបង្គោលគ្រួសារនាពេលនេះ ។
ថា្នក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ទាំងអស់ ផ្តាំផ្ញើដល់កូនៗទាំង៤នាក់របស់ អ្នកស្រី វេង សុម៉ាលី បើទោះបីជាពេលនេះ ត្រូវបាត់បង់ឪពុកជាទីស្រលាញ់ក៍ដោយ តែត្រូវបន្តខិតខំប្រឹងប្រែង ព្រមទាំងកុំបោះបង់នូវការសិក្សា ហើយត្រូវធ្វើយ៉ាងណាថែទាំងសុខភាពការពារខ្លួនពីជំងឺកូវីដ១៩បន្តទៀត។
ជាមួយគ្នានេះផងដែរ ថា្នក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ទាំងអស់ សូមផ្តាំផ្ញើរដល់មន្ត្រីក្រោមឱវាទក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមការពារខ្លួនឱ្យបានម៉ត់ចត់តាមវិធានរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៣ការពារ ៣កុំ ក្នុងការចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ៕