ឧត្តមសេនីយ៍ឯក ហោ សំអាត ៖ បច្ចុប្បន្ននេះ ការអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាមន៍ និងព័ត៌មានកាន់តែទំនើប និងកាន់តែទូលំទូលាយ
ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា មានប្រសាសន៍ថា បច្ចុប្បន្ននេះ ការអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាមន៍ និងព័ត៌មាន (ICT) កាន់តែទំនើប និងការប្រើប្រាស់កាន់តែ ទូលំទូលាយ ក្នុងការគ្រប់គ្រងប្រមូលផ្ដុំ និងចែករំលែកព័ត៌មាន។
ឧត្តមសេនីយ៍ឯក ហោ សំអាត មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ។
ឧត្តមសេនីយ៍ឯក មានប្រសាសន៍ថា «ដោយបច្ចុប្បន្ននេះ ការអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (ICT) កាន់តែទំនើប និងការវិវត្តន៍នៃការប្រើប្រាស់កាន់តែទូលំទូលាយ ក្នុងការគ្រប់គ្រងប្រមូលផ្ដុំ និងចែករំលែកព័ត៌មាន បានធ្វើឲ្យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (ICT) ដើរតួនាទីយ៉ាងសំខាន់ចូលរួម បម្រើដល់សកម្មភាពទំនាក់ទំនង និងរដ្ឋបាល នៅក្នុងវិស័យសាធារណៈ និងឯកជន»។
ឆ្លៀតក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង ក៏បានលើកឡើងថា ទន្ទឹមនឹងគុណសម្បត្តិ ខាងលើ ICT ក៏បានផ្ដល់នូវភាពស្មុគស្មាញយ៉ាងច្រើនផងដែរ តួយ៉ាងដូចជា ការប្រើប្រាស់បម្រើសកម្មភាពប្រព្រឹត្តបទល្មើសគ្រប់រូបភាព បង្កភាពចលាចលក្នុងសង្គម ធ្វើឲ្យប៉ះពាល់ដល់វិស័យសន្ដិសុខជាតិ និងកិច្ចការគ្រប់គ្រងប្រទេស។ ដើម្បីគាំទ្រគោលនយោបាយរដ្ឋបាលឌីជីថល ឆ្លើយតបទៅនឹងបដិវត្តន៍ ឧស្សាហកម្មទី៤ និងចូលរួមរក្សា ពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ការកសាងមូលដ្ឋានរឹងមាំ នៃប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន គឺជាកិច្ចការអាទិភាព ដែលនាយកដ្ឋានព័ត៌មានវិទ្យា ត្រូវយកចិត្តទុកដាក់អនុវត្ត៕