ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជួបសិស្សនិទ្ទេសA ចំនួន ១០៤៩នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥ គីឡូម៉ែត្រ រួមជាមួយ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការពន្យាពេលរហូតដល់ខែកុម្ភៈ ឆ្នាំក្រោយ ព្រោះជាប់បញ្ជាទិញ Ipad សម្រាប់សិស្សឆ្នើមទាំងនោះ។

សម្ដេចតេជោ ក៏បានលើកទឹកចិត្តអាជ្ញាធរខេត្ត ផ្តល់ការលើកទឹកចិត្តដោយឡែកដល់សិស្សឆ្នើមផងដែរ ដូចជាករណីអភិបាលខេត្តកំពង់ស្ពឺផ្តល់ម៉ូតូដល់ជ័យលាភីនិទ្ទេស A ទាំង២២នាក់។ ទោះបីជាយ៉ាងណាក៏ដោយ សម្តេចបានស្នើកុំឲ្យមានការផ្តោតនិទ្ទេស ជាពិសេស លើការសម្រេចជោគវាសនាអនាគត។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណក្រសួងអប់រំ និងអាជ្ញាធរពាក់ព័ន្ធ ចាត់ចែងការប្រលងបាក់ឌុបប្រកបដោយជោគជ័យ។ សម្ដេច ថា ការប្រលងបាក់ឌុបនៅតែបន្តរឹតបន្តឹង គ្មានការបន្ធូបន្ថយទេ។

ជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់អ្នកជាប់បាក់ឌុបទាំងអស់ថា ទោះជាប់ក្នុងនិទ្ទេសណាក៏ដោយគួរត្រេកអរ កុំផ្តោតចិត្តទុកដាក់រឿងនិទ្ទេស ខ្លាំងពេក។ សម្តេចតេជោ អំពាវនាវដល់សិស្សធ្លាក់បាក់ឌុប ឱ្យបន្តប្រឹងសិក្សា ដើម្បីប្រលងនៅឆ្នាំក្រោយទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ