ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា ដោះស្រាយភាពស្របច្បាប់សម្រាប់ពលករទេសន្ដប្រវេសន៍ ដែលបាននឹងកំពុងធ្វើការងារក្នុងប្រទេសថៃដែលមានឯកសារផុតសុពលភាព,  ជិតផុតសុពលភាព និងមិនមានឯកសារ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះដែរ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា កម្ពុជា បានបង្កើតឱ្យមានមជ្ឈមណ្ឌលទទួលពលករចំនួន ២កន្លែង នៅខេត្តបន្ទាយមានជ័យ ហើយមណ្ឌលនេះ ក៏ជាទីកន្លែងទទួលព័ត៌មានទិន្នន័យនូវពលករបានឆ្លងកាត់ ពិសេសពលករ ដែលត្រូវបញ្ជូនត្រឡប់មកពីប្រទេសថៃវិញ។ លោកស្រី រដ្ឋលេខាធិការ លើកឡើងទៀតថា គ.ជ.ប.ជ ចាត់ទុកការងារទេសន្ដរប្រវេសន៍ជាផ្នែកមួយ នៃយុទ្ធសាស្ដ្របង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ជាពិសេស ក្នុងចំណោមជនទេសន្ដរប្រវេសន៍ផងដែរ។

ឆ្លៀតឱកាសនោះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ដល់អង្គប្រជុំថា យើងត្រូវរួមគ្នាពិនិត្យប្រព័ន្ធ និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ថៃ ក្នុងការគ្រប់គ្រងពលករ ដែលធ្វើការងារនៅប្រទេសថៃ ខណៈប្រទេសទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្នានាពេលកន្លងមក។ ជាមួយគ្នានេះ លោករដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះអង្គប្រជុំ បានរួមគ្នាទប់ស្កាត់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទោះបីមានបញ្ហាជំងឺកូវីដ-១៩ ក៏ដោយ។ ចំពោះវិធានការដោះស្រាយចំពោះមុខ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ស្នើគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបន្ដធ្វើការងារជាមួយភាគីថៃ ដើម្បីផ្ដល់ភាពស្របច្បាប់ចំពោះពលករខ្មែរណាមិនទាន់មានភាពស្របច្បាប់ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មានភាពស្របច្បាប់ សម្រាប់បំពេញការងារនៅប្រទេសថៃ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ