ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រាប់អង្គការសុខភាពពិភពលោក (WHO) កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាល កែសម្រួលយុទ្ធសាស្ដ្រឆ្លើយតបនឹងជំងឺកូវីដ-១៩ ដើម្បីរៀនពីរបៀបរស់នៅជាមួយមេរោគ។ យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល។

ក្នុងកិច្ចប្រជុំលើកទី៧២ នៃអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក ម៉ម ប៊ុនហេង បានថ្លែងថា ដូចបណ្ដាប្រទេសដទៃទៀតដែរ វីរុសកូវីដ-១៩ នៅតែបន្តចរាចរនៅក្នុងប្រទេសកម្ពុជា។

លោក បានបញ្ជាក់ថា «យើងកំពុងខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការចម្លងមេរោគ រួមជាមួយការអនុវត្តនូវវិធានការ ៣ការពារ ៣កុំ។ ឥឡូវនេះ យើងកំពុងស្ថិតក្នុងដំណាក់កាល នៃការកែសម្រួលយុទ្ធសាស្ត្រឆ្លើយតបនឹងជំងឺកូវីដ-១៩ ដើម្បីរៀនពី របៀបរស់នៅជាមួយមេរោគ ខណៈអនុញ្ញាតឱ្យបើកដំណើរការសាលារៀន និងសេដ្ឋកិច្ចឡើងវិញ ដោយសុវត្ថិភាព»។ 

នាឱកាសនោះ លោករដ្ឋមន្ដ្រី ក៏បានចែករំលែកកត្តាសំខាន់ ចំនួន៤ ដែលរួមចំណែកដល់ភាពជោគជ័យ ក្នុងការឆ្លើយតបរបស់កម្ពុជា រួមមាន ៖ ទី១-ភាពជាអ្នកដឹកនាំក្នុងសម្រេចចិត្ត និងអភិក្រមការចូលរួមរបស់រាជរដ្ឋាភិបាលទាំងមូល ,ទី២-ការវិនិយោគលើសន្តិសុខសុខភាព និងប្រព័ន្ធសុខាភិបាល ,ទី៣-ការចូលរួមជាសាធារណៈ ការចូលរួមរបស់សហគមន៍ និងបុគ្គល និងទី៤-សាមគ្គីភាព និងភាពជាដៃគូ។

លោក ក៏បានសង្គត់ធ្ងន់ថា ប្រទេសកម្ពុជាគាំទ្រយ៉ាង ពេញទំហឹងចំពោះភាពជាអ្នកដឹកនាំ និងការសម្របសម្រួលរបស់អង្គការសុខភាពពិភពលោកក្នុងការឆ្លើយតបជាសកលទៅនឹងជំងឺកូវីដ-១៩៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ