ភ្នំពេញ៖ ក្នុងន័យឌឺដង ទៅកាន់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចោទសួរថា តើទណ្ឌិតរូបនេះ ហ៊ានភ្នាល់ «ដាក់ជីវិតនយោបាយ» ជាមួយកូនប្រុសច្បង របស់សម្ដេចដែរឬទេ ជុំវិញការចោទប្រកាន់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត បានយកលុយ៥លានដុល្លារទិញទឹកចិត្ត អ្នកគាំទ្រនៅក្នុងប្រទេសបារាំង។

នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវអត្ថបទ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដោយភ្ជាប់ខ្លឹមសារថា “តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់? ពូជខូចវាខូច និងវានៅតែខូច”។

សម្ដេចបន្ថែមថា «បុរសម្នាក់នេះ (សម រង្ស៊ី) ឈ្លោះមិនរើសមុខ ទាំងព្រះមហាក្សត្ររហូត ជាមួយយុវជនជំនាន់ក្រោយ។ តើមានហត់ដែរទេ? ហើយបើមិនបានលួច វាយគេ តើរន្ទះបាញ់ឬអី?»។

សូមរំលឹកថា លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន និងជាបេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី នាថ្ងៃអនាគត បានចេញមុខ បបួលទណ្ឌិត សម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយសារជាថ្មី ដើម្បីបញ្ជាក់ការពិត រឿងចោទថា លោកបានយកលុយ ៥លានដុល្លារទិញទឹកចិត្ត អ្នកគាំទ្រនៅក្នុងប្រទេសបារាំង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ