រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា មិនហាមឃាត់ មិនឲ្យរៀបអាពាហ៍ពិពាហ៍ទេ តែរៀបចំកម្មវិធី ជួបជុំលក្ខណៈគ្រួសារ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលមិនបានហាមឃាត់ មិនឲ្យប្រជាពលរដ្ ឋរៀបអាពាហ៍ពិពាហ៍នោះទេ គ្រាន់តែមិនឲ្យរៀបចំកម្មវិធីជួបជុំលក្ខណៈទ្រង់ទ្រាយធំ និងគ្រាន់តែគោរពតាមវិធានសុខាភិបាលតែប៉ុណ្ណោះ ។
ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលចង់បានកូន ទៅចាក់វ៉ាក់សាំងកូវីដ-១៩ សិនទៅ ចាំយកកូនតាមក្រោយ ព្រោះមានអង់ទីគ័រការពារទាំងខ្លួន និងការពារកូន។
សម្ដេចតេជោ មានប្រសាសន៍ថា «មុនការចាក់វ៉ាក់សាំងទៀត អាហ្នឹងគឺល្អ យើងគ្រាន់តែហាមឃាត់ ការកុំឲ្យកុះកុញតែប៉ុណ្ណឹងទេ តែយើងមិនបានហាមឃាត់មិនឲ្យរៀបការណា។ ព្រោះថា អ្នកខ្លះភ័ន្តច្រលំថា យើងមិនឲ្យការ តែយើងឲ្យរៀបការ តែពិធីនេះសូមកុំឲ្យមានកុះកុញ ដោយមនុស្សតែប៉ុណ្ណឹងតើ»។
សម្ដេចតេជោ បានបន្ដថា ធ្វើយ៉ាងណារៀបចំអាពាហ៍ពិពាហ៍ហើយ កុំឲ្យមានអ្នកស្លាប់ ឬអ្នកឆ្លងជំងឺកូវីដ-១៩។ សម្ដេចថា កូនក្មួយរៀបការធម្មតាចុះ មិនបានហាមឃាត់ទេ គ្រាន់តែពីមុនធ្វើពិធីមានមនុស្សរាប់រយពាន់នាក់ ឬរាប់រយតុ មករៀបចំត្រឹមមនុស្សក្រោម ៥០ នាក់ និងមានការរក្សានូវគម្លាតសុវត្ថិភាពនិងវិធានការសុខាភិបាល ។នរណាក៏ចង់បានពិធីធំដែរ តែមនុស្សត្រូវរស់នៅតាមបែបគកន្លងថ្មី ហើយពិធីមង្គលការតូច ឬធំ មិនសំខាន់ទេ សំខាន់គឺការចេះរស់នៅជាមួយគ្នា ។
បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្គាល់ឃើញ មានប្រជាពលរដ្ឋបានធ្វើដំណើរ កមន្សាន្ត ពិសេសនៅម្តុំវិមានឯករាជ្យជាដើម មានខ្លះពាក់ម៉ាស់ ខ្លះអត់ ដូច្នេះសម្តេច ស្នើដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្តត្រូវចេះការពារខ្លួន។
ជាងនេះទៅទៀត សម្ដេចតេជោ ក៏បានលើកទឹកចិត្តពលរដ្ឋដើរកំសាន្ត ឲ្យបានច្រើនផងដែរ ជាមួយវិធានការការពារខ្លួនពីកូវីដ-១៩ ផងដែរ៕EB