សម្ដេច ស ខេង អញ្ជើញចូលរួមក្នុងពិធីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ពិធីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នាពេលនេះរៀបចំឡើងក្រោមប្រធានបទ «ឆ្នេរនៃសន្ដិភាព ឆ្នេរនៃក្ដីសង្ឃឹម»។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ក្នុងរយៈពេលជិត ៣ឆ្នាំកន្លងទៅ យើងមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលពិភពលោកទាំងមូលខិតខំប្រឹងប្រែង និងរួមគ្នាជាធ្លុងមួយ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះ ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រោមស្មារតីយោគយល់ និងចេះជួយគ្នាទៅវិញទៅមក ជាពិសេស បានយកជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ រហូតបានឈានទៅដល់ការបើកប្រទេស និងចាប់ផ្តើមស្ដារសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ»។
គួរបញ្ជាក់ថា ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ នាទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្នក្លឹបនេះ មានទីស្នាក់ការនៅទីក្រុងវ៉ាននីស ប្រទេសបារាំង និងមានឆ្នេរសមាជិកចំនួន ៤៤ឆ្នេរ ស្នើនឹង ២៦ប្រទេស។ កម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធ ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក ក្នុងមហាសន្និបាតលើកទី៧ របស់ក្លឹប កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់៕EB